សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រេសិត ពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ សម្រាប់មីយ៉ាន់ម៉ា ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ បណ្ឌិត Noeleen Heyzer ប្រេសិត ពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ( អ.ស.ប ) សម្រាប់ មីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ។
ក្នុងឱកាសនេះ លោកជំទាវ ណូលីន បានគោរព សំដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោដែលបានទទួលមេដាយសន្តិភាព នៅប្រទេសកូរ៉េ កន្លងមកនិង សំដែងការអបអរសាទរផងដែរដែលថ្មីៗនេះ កងទ័ពរក្សាសន្តិភាពកម្ពុជាទទួលបានមេដាយ អង្គការសហប្រជាជាតិ ។
លោកជំទាវ ណូលីន បានជម្រាបសម្តេចតេជោនូវកិច្ចការដែលលោកជំទាវ បានធ្វើ បីខែកន្លងមក ក្នុងនាមជាប្រេសិតពិសេសរបស់អគ្គលេខា ធិការអង្គការសហប្រជាជាតិ ដែលជារួមមាន ការពិចារណា ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា តាមរយៈ បង្កើតក្របខណ្ឌពហុច្រក ឈរលើមូលដ្ឋានទស្សនទាន រង្វង់ ៣ស្រទាប់ , ស្រទាប់ទី១ នៅកណ្ដាលរង្វង់ គឺដំណើរការរកដំណោះស្រាយ ដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា ដែលឆ្លុះបញ្ចាំង ពីឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា ។ ស្រទាប់ ទី២ គឺដំណើរការដឹកនាំដោយ សហគមន៍ តំបន់ដែលមានអាស៊ាន និងបណ្ដាប្រទេសជាប់ព្រំដែនមីយ៉ាន់ម៉ាទាំងអស់ ចូលរួម និងស្រទាប់ទី៣ ស្រទាប់ខាងក្រៅបង្អស់ គឺសហគមន៍អន្តរជាតិ ដែលភាគច្រើនជាប្រទេសលោកខាងលិច ។
លោកជំទាវ ណូលីន បានមានប្រសាសន៍បន្ថែមថា ក្របខណ្ឌនេះ មិនខុសពីការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ានទេ គឺ១. ផ្ដោតការខិតខំទៅលើមួយជំនួយមនុស្សធម៌ , ២ ការការពារប្រជាជននិង ៣ វិលទៅរកការគ្រប់គ្រងស៊ីវិលដែល ជាការចាំបាច់ត្រូវមានការ កសាងទំនុកចិត្ត ។
ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណ ជូនលោកជំទាវ ណូលីន ដែលបានសំដែងនូវការអបអរសាទរ ចំពោះការទទួល មេដាយសន្តិភាព និងកងរក្សាសន្តិភាពកម្ពុជាទទួលបានមេដាយ អង្គការសហប្រជាជាតិ ។
សម្ដេចតេជោបានថ្លែងអំណរគុណ លោកជំទាវណូលីន ដែលបាន លើកឡើងអំពី ករណីមីយ៉ាន់ម៉ា។
សម្ដេចតេជោ បានមានប្រសាសន៍ថា យើងមានចំណុចរួមគ្នានោះគឺជួយស្វែងរក ជូនប្រជាជនមីយ៉ាន់ម៉ា នូវសន្តិភាព ស្ថិរភាពនិងការរីកចម្រើនហើយអ្វី ដែលត្រូវធ្វើជាបន្ទាន់នោះ គឺបញ្ឈប់អំពើហិង្សា , នាំអំណោយមនុស្សធម៌ជូនដល់ប្រជាជនទាំងអស់ ដែលកំពុងត្រូវការ និងបង្កលក្ខណៈ ជឿទុកចិត្តគ្នាដោះស្រាយបញ្ហា ជាពិសេស តាមរយៈការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច របស់អាស៊ាន ៕
ដោយ :វណ្ណលុក