នាយកក្រុមហ៊ុន T.Y MEDIA លើកឡើងថា ឆាកធំជាចំណែកមួយពង្រឹងផ្លូវចិត្ត កីឡាករឲ្យរឹងមាំ ពេលប្រកួតកម្រិតអន្តរជាតិ
ការប្រកួតកីឡាអេឡិចត្រូនិកដណ្តើមពានរង្វាន់ T.Y MEDIA E CHAMPION រដូវកាលទី១ បានឈានដល់វគ្គ៨ក្រុមចុងក្រោយ កាលពីម្សិលមិញ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេលជាង៣ខែ នៅផ្សារ Aeon 2 ។
លោក ឈុន សំណាង អគ្គនាយកក្រុមហ៊ុន ធី វ៉ាយ មេឌា & អ៊ែតវើថាយស៊ីង Co,Ltd បានបញ្ជាក់ថា ពានរង្វាន់ T.Y MEDIA E CHAMPION វគ្គ៨ចុងក្រោយនេះ ដំណើរពីថ្ងៃទី៣១ដល់ថ្ងៃទី៣ ខែមេសា ទើបបញ្ចប់វគ្គ៨ក្រុមចុងក្រោយ ។ អគ្គនាយកខាងលើ បានគូបញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះមានសារៈខ្លាំងណាស់ ដើម្បីពង្រឹងសមត្ថភាពកីឡាករជម្រើសជាតិលើវិញ្ញាសា MOBILE LEGEND ត្រៀមទៅចូលរួមប្រជែងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម នាអំឡុងខែឧសភាខាងមុខនេះ ។ មួយវិញទៀត ក្រុមហ៊ុនបានរៀបចំវេទិកាជាលក្ខណៈស្តង់ដាធំជាងគេ នៅកម្ពុជា ដើម្បីជាការរួមចំណែកពង្រឹងផ្លូវចិត្តកីឡាករឲ្យរឹងមាំ បន្សាំភាពភ័យខ្លាច ពេលចូលរួមការប្រកួតលើឆាកអន្តរជាតិផងដែរ ។ លោកអគ្គនាយក បានអះអាងថា រដូវកាលលើកទី១នេះ ប្រាក់រង្វាន់ មានរហូតដល់១០០លានរៀល ក្រុមជើងឯកទទួលបាន៥០លានរៀល ។ សម្រាប់រដូវកាលបន្តបន្ទាប់ទៀតអាចប្រាក់រង្វាន់អាចបន្ថែមលើសនេះទៅទៀត ដោយអាស្រ័យលើការគាំទ្រពីមហាជន ។
សូមបញ្ជាក់ថា ការប្រកួតកីឡាអេឡិចត្រូនិកដណ្តើមពានរង្វាន់ T.Y MEDIA E CHAMPION រដូវកាលទី១ មាន២៥៦ក្រុមចូលរួម គិតមកដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅសល់ក្រុមខ្លាំង៨ក្រុមចុងក្រោយកំពុងប្រកួតប្រជែងឡើងទៅកាន់វគ្គ៤ ក្រុម និងវគ្គផ្តាច់ព្រ័ត្រ ៕ អត្ថបទៈ ជាវ ចន្ធូ

















