ស្ថានទូតបារាំងនិងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តរៀបចំកម្មវិធីរត់ដើម្បីអបអរសាទរដំណើរឆ្ពោះទៅកីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤
ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា បានអញ្ជើញថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករកីឡាការិនី សហព័ន្ធខ្មែរកីឡាអត្តពលកម្មស័គ្រចិត្ត ចូលរួមក្នុងកម្មវិធីរត់ដើម្បីអបអរសាទរដំណើរឆ្ពោះទៅកីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤ ដែលប្រទេសបាំងទទួលធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី៦ ខែ មេសា ។
ឯកឧត្តម សំហេង បុរស ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស័គ្រចិត្ត បានលើកឡើងថា កម្មវិធីរត់ដើម្បីអបអរសាទរដំណើរឆ្ពោះទៅកីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤ដែលប្រទេសបារាំងទទួលធ្វើជាម្ចាស់ផ្ទះនេះ មិនមែនធ្វើតែនៅប្រទេសកម្ពុជានោះទេ ពោលគឺការរត់ដើម្បីអបអរសាទរនេះ គឺស្ថានទូតបារាំងរៀបចំនៅគ្រប់ប្រទេសដែលជាសមាជិក ដើម្បីបង្ហាញពីសក្ខីភាពក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកពិភពលោក។
ឯកឧត្តម ប្រធាន សហព័ន្ធ បានគូបញ្ជាក់ថា កម្មវិធីរត់ដើម្បីអបអរសាទរដំណើរឆ្ពោះទៅកីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤ដែលស្ថានទូតបារាំងប្រចាំកម្ពុជារៀបចំនេះ គឺរៀបចំជាលក្ខណៈទ្រុងទ្រាយតូចទេ ដោយមានការចូលរួមសិស្សសាលាបារាំងប្រហែល៤០ នាក់ជនជាតិបារាំងរស់នៅកម្ពុជាប្រហែល២០ នាក់ និងក្រុមកីឡាករ-កីឡាការិនីអត្តពលកម្មជម្រើសជាតិកម្ពុជាប្រហែល១០នាក់ចូល ។
ឯកឧត្តម ពន្យល់ទៀតថា ការចូលរួមរបស់សហព័ន្ធក្នុងកម្មវិធីនេះ ក៏ជាការបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍកីឡាអត្តពលកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីផលិតធនធានវ័យក្មេងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកពិភពលោករៀងរាល់៤ឆ្នាំម្តង។ កម្មវិធីមិនត្រឹមតែធ្វើឡើងនៅប្រទេសកម្ពុជាទេ ចំណែកប្រទេសហ្វីលីពីនក៏ប្រព្រឹត្តឡើងដូចគ្នាដែរ ហើយបន្តទៅទៀត គឺប្រទេសកាហ្គីស្ថាន។
សូមបញ្ជាក់ថា កម្មវិធីរត់ដើម្បីអបអរសាទរដំណើរឆ្ពោះទៅកីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤ ដែលរៀបចំដោយស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា មានការចូលរួមពីលោក អគ្គអគ្គរាជទូតប្រទេសបារាំងប្រចាំប្រទេសកម្ពុជា សិស្ស lycée français primary និងជនជាតិបារាំងមួយចំនួនរស់នៅក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ ជាវ ចន្ធូ







