នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច កាច់កញ្ចក់រថយន្ត
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ករណីលួច(កាច់កញ្ចក់រថយន្ត)ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២វេលាម៉ោង១និង០០នាទីយប់ នៅចំណុចមុខផ្ទះលេខ១១៦ឃ ផ្លូវបេតុង ក្រុមទី៣ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះតាន់ ប៊ុនសួ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មុខរបរ អាជីវករ។
ជនសង្ស័យឈ្មោះ វង្ស ចាន់សុភ័ក្រ ហៅម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌ ឬស្សីកែវ មុខរបរ មិនពិតប្រាកដ ។
សម្ភារះបាត់បង់កញ្ចក់រថយន្តម៉ាកហ្វតរ៉ាប់ទ័រ (Ford rapper) មួយគូ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើជនសង្ស័យបានជិះម៉ូតូម៉ាកគុបជ្រុង ព៌ណទឹកបុិច ម្នាក់ឯងមកធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តហើយគេចខ្លួនបាត់ លុះដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង មត្ថកិច្ចបានបើកការស្រាវជ្រាវកំណត់បាននូវអត្តសញ្ញាណជនសង្ស័យ លុះដល់ថ្ងៃទី១៧ ខែ មេសាឆ្នាំ២០២២វេលាម៉ោង១និង០០នាទីយប់សមត្ថកិច្ចឃាត់បានជនសង្ស័យខាងលើនៅចំណុចផ្លូវK៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ យកមកប៉ុស្តិ៍ឬស្សីកែវ ដើម្បីធ្វើការសាកសួរយកចំលើយ ជនសង្ស័យបានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងដកហូតបានខាងលើ ជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់៕ ដោយ ៖ ជីម ភារ៉ា


