ឯកឧត្តម មាស សារិន៖ សហព័ន្ធកីឡាទាញព្រ័ត្រ គ្រោងយកខេត្តសៀមរាបធ្វើម្ចាស់ផ្ទះ ការប្រកួតកម្រិតអាស៊ីអាគ្នេយ៍ ជាលើកដំបូងនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព័ត្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាគ្រោងរៀបចំព្រឹត្តការណ៍ប្រកួតកីឡាទាញព្រ័ត្រកម្រិតអាស៊ីអាគ្នេយ៍ ជាលើកដំបូង ដោយជ្រើសរើសទឹកដីអង្គរ ខេត្តសៀមរាប ដើម្បីធ្វើជាម្ចាស់ផ្ទះ នាដើមឆ្នាំ២០២៣ ខាងមុខនេះ។ ការថ្លែងបញ្ជាក់ដូច្នេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ វិញ្ញាសាឆ្នេរខ្សាច់ លើកទី១ នាខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។
ឯកឧត្តម មាស សារិន បន្ថែមថា វិញ្ញាសាដែលកម្ពុជាគ្រោងដាក់អោយប្រកួតប្រជែងនោះ គឺវិញ្ញាសាជាក្រុម ៨នាក់ទល់៨នាក់ បុរស/នារី , ៨នាក់ទល់៨នាក់ចម្រុះ, ៤នាក់ទល់៤នាក់ បុរស/នារី , ២នាក់ទល់២នាក់ បុរស/នារី និងបន្ថែមវិញ្ញាសាឯកត្តជន បុរស/នារី។ ឯកឧត្តមប្រធានសហព័ន្ធបន្តទៀតថា ចំពោះវិញ្ញាសាឯកត្តជន គឺត្រូវយកទម្ងន់សរុប ៦០០ ឬ៦២០គីឡូក្រាម វិញ្ញាសា ៨នាក់ទល់៨នាក់ បុរស/នារី ចែកនឹង៨ ដោយជ្រើសរើសយកទម្ងន់គោលណាមួយ ដើម្បីដាក់អោយប្រកួតប្រជែង។ បន្ទាប់មក យើងយកទម្ងន់ដែលធ្ងន់ជាងគេ និងសា្រលជាងគេក្នុងចំណោម៨នាក់ ទាំងបុរស/នារី ២វិញ្ញាសាទៀត។
ដូច្នេះហើយ ទើបឯកឧត្តមស្នើអោយបណ្តារាជធានីខេត្ត ចាប់ផ្តើមស្វែងរកកីឡាករ កីឡាការិនី បង្កើនការហ្វឹកហាត់ពង្រឹងសមត្ថភាពអោយបានល្អប្រសើរ លើគ្រប់វិញ្ញាសាទាំងអស់ ទាំងក្នុងសាល និងក្រៅសាល ជាពិសេសវិញ្ញាសាឆ្នេរខ្សាច់ ដើម្បីធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាទាញព្រ័ត្រអាស៊ីអាគ្នេយ៍ នៅសៀមរាប ក្នុងន័យអភិវឌ្ឍកីឡាទាញព័ត្រ និងអភិរក្សល្បែងទាញព័ត្រជាសម្បត្តិដ៏ផូរផង់របស់ខ្មែរ និងជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុសុ្សជាតិ នៃអង្គការយូណេស្កូ ក្នុងដំណើរដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ឯកឧត្តម មាស សារិន បញ្ជាក់បន្ថែមថា សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតអោយបាន២ដងទៀត ដោយជ្រើសរើសយកខេត្តសៀមរាប ប្រកួតវិញ្ញាសាក្រៅសាល និងខេត្តបាត់ដំបង សម្រាប់វិញ្ញាសាក្នុងសាល ដើម្បីជម្រុញវិញ្ញាសាក្រុម និងឯកត្តជន អោយកាន់តែមានសក្តានុពល មុននឹងធ្វើជាម្ចាស់ការប្រកួតកីឡាទាញព្រ័ត្រអាស៊ីអាគ្នេយ៍ នៅសៀមរាប។
សូមបញ្ជាក់ថា កម្ពុជាគ្រោងរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាទាញព័ត្រជើងឯកអាស៊ីអាគ្នេយ៍ ជាលើកដំបូង នាដើមឆ្នាំ២០២៣ នៅទីលានជល់ដំរី ទឹកដីអង្គរ ខេត្តសៀមរាប មុនព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា៕ចាន់ វិចិត្រ

















