AVIVoice Ep68: ការរំពឹងទុកពីវិស័យទេសចរណ៍នាពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ
ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កំពុងតែខិតចូលមកដល់ ហើយតំបន់ទេសចរណ៍ជាច្រើនក្នុងប្រទេសកម្ពុជាក៏កំពុងតែមានការតៀមរៀបចំភ្ញៀវទេសចរណ៍សម្រាប់ដំណើរកម្សាន្តនាឱកាសបុណ្យខាងមុខនេះផងដែរ។ យ៉ាងណាមិញក្នុងឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលលោកបានប្រកាសបើកឱ្យមានការប្រារព្ធពិធីបុណ្យចូលឆ្នាំយ៉ាងទូលំទូលាយជាងឆ្នាំមុនៗ ដែលជាកាលានុវត្តភាពមួយក្នុងការលើកស្ទួយ និងទ្រទ្រង់ដល់វិស័យទេសចរណ៍កម្ពុជាឱ្យមានដំណើរការឡើងវិញ។ ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្ដមបណ្ឌិត ជុក ជំនោរ បានបកស្រាយពីមូលដ្ឋាននៃផលប៉ះពាល់ពីជំងឺកូវីដ-១៩ដល់វិស័យទេសចរណ៍នៅកម្ពុជា យន្តការនិងផែនការយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញសម្រាប់ការស្ដារវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាការរំពឹងទុកអំពីផលប្រយោជន៍ទូទៅពីទេសចរណ៍នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះផងដែរ។
សំណួរទី ១៖ ជាបឋម តើជំងឺកូវីដ-១៩ បានផ្ដល់ផលប៉ះពាល់យ៉ាងដូចម្តេចខ្លះដល់វិស័យទេសចរណ៍នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ?
ពាក់ព័ន្ធនឹងសំណួរទីមួយអំពីផលប៉ះពាល់ទៅលើ វិស័យទេសចរណ៍ដែលបណ្តាមកពីជំងឺកូវីដ១៩នេះ ទាំងអស់នេះយើងបានឃើញថាវិបត្តិជំងឺកូវីដ១៩នេះជាវិបត្តិសកល ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យសេដ្ឋកិច្ច និយាយជារួមគឺក្នុងវិស័យទេសចរណ៍និយាយដោយឡែក។ ខ្ញុំសូមទាញចំណាប់អារម្មណ៌ថាមុនវិបត្តិកូវីដ១៩ យើងអាចនិយាយថាមុនឆ្នាំ២០២០ វិស័យទេសចរណ៍នៅកម្ពុជាគឺ មានបានបង្ហាញសញ្ញាវិជ្ជមានជាច្រើន ក្នុងការកើនឡើងជាបន្តបន្ទាប់ដូចជាការកើនឡើងជាបន្តបន្ទាប់ ដែលកាលពីឆ្នាំ២០១៩ យើងទទួលបានភ្ញៀវទេសចរណ៍ទៅដល់ជាង៦.៦លាននាក់ ជាមួយនិង ទេសចរណ៍ក្នុងស្រុកដល់ទៅជាង១១លាននាក់ ដែលនាំមកនូវចំណូលប្រមាណជាង ៥ពាន់លានដុល្លារ ចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ ក៏ប៉ុន្តែការរីករាលដាលនៃវិបត្តិជំងឺកូវីដ១៩ ដែលគ្មានមជ្ឈដ្ឋានណាដែលព្យាករដល់នោះគឺ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លះទៅដលើវិស័យទេសចរណ៍ពិភពលោក ក៏ដូចជាកម្ពុជា ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកលេងកម្ពុជាមានការធ្លាក់ចុះខ្លាំងមែនទែន ជាពិសេសនៅក្នុងឆ្នាំ២០២០ និង២០២១នេះ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២០ យើងទទួលបានភ្ញៀវអន្តរជាតិ ជាប្រមាណតែ ១.៣១លាននាក់ ថយចុះប្រមាណជាង៨០% ប៉ុន្តែទេសចរណ៍ផ្ទៃក្នុងយើងនូវបង្ហាញសញ្ញាដែលហៅថាភាពធន់នឹងវិបត្តិដែរ ដោយយើងទទួលបានភ្ញៀវទេសចរណ៍ក្នុងស្រុកប្រមាណជាង ៩លាននាក់ ដែលថយចុះ២០%។ នៅឆ្នាំ២០២១កន្លងមកនេះគឺ ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិក៏បន្តមានការថមថយបន្ទាប់មកទៀត ដោយសារពិភពលោកទាំងមូលគឺទទួលនៅការកម្រើកឡើងនូវវីរុសកូវីដ-១៩ ប៉ុន្តែប្រភេទអូមីក្រុង។ ប៉ុន្តែយ៉ាងណាទេសចរណ៍ក្នុងស្រុករបស់យើង២០២១នេះ ក៏យើងមានការថយចុះពី ៩លាននាក់ មកនៅត្រឹម ៤,៦០ម៉ឺននាក់ ប៉ុន្តែយ៉ាងណាវាជាសញ្ញាមួយដែរ ថាទេសចរណ៍ក្នុងស្រុករបស់យើងទោះមានវិបត្តិយ៉ាងណាក៏ដោយមានការគ្រប់គ្រងបានល្អគឺ ចរន្តភ្ញៀវទេសចរណ៍ក្នុងស្រុកឬក៏យើងហៅថាទេសចរណ៍ផ្ទៃក្នុងនេះ នៅតែជាឆ្អឹងកងដ៏សំខាន់ក្នុងការទ្រទ្រង់នូវការខិតចុះនៃវិស័យទេសចរណ៍អន្តរជាតិ។
សំណួរទី ២៖ ដូចដែលយើងបានដឹងហើយថាកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសមុនគេដែលបានរៀបចំរស់នៅក្នុងបរិបទថ្មីជាមួយនឹងជំងឺឆ្លងកូវីដ-១៩ តើកម្ពុជាមកដល់ពេលនេះបានសម្រេចនូវសមិទ្ធផលអ្វីខ្លះ ក្នុងការស្តារឡើងវិញទៅលើវិស័យទេសចរណ៍?
នេះគឺជាសំណួរសំខាន់មួយដោយសារថា យើងបានឃើញអំពីជោគជ័យរបស់រដ្ឋាភិបាលនៅក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩នេះ។ ប្រទេសកម្ពុជាត្រូវបានពិភពលោកចាត់ទុកនៅក្នុងប្រទេសដែលថាអាចស្ថិតនៅក្នុងប្រទេសលំដាប់កំពូលដែលអាចគ្រប់គ្រងជំងឺនេះបានយ៉ាងល្អ ជាពិសេសការដឹកនាំយ៉ាងមុតស្រួចសម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងការមិនមើលស្រាលស្ថានការ និងចាត់វិធានការយ៉ាងមានប្រសិទ្ធភាពភ្លាមៗនៅក្នុងការទប់ស្កាត់នូវជំងឺនេះ។ ជាក់ស្តែង យុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងឱ្យប្រជាពលរដ្ឋទូទាំងប្រទេសតាមរយៈយុទ្ធសាស្ត្រនេះ គ្រប់រាជធានីខេត្តទាំងអស់ គឺប្រជាពលរដ្ឋសុទ្ធតែបានចាក់ដូសមូលដ្ឋានរហូតឈានទៅដល់ដូសជំរុញទី៣ឬទី៤ទៀត។ អញ្ចឹងទាំងអស់នេះគឺជាមូលដ្ឋានដ៏សំខាន់មែនទែនក្នុងការស្ថារនិងលើកស្ទួយវិស័យសេដ្ឋកិច្ច ក៏ដូចជាវិស័យទេសចរណ៍ផងដែរ។ អញ្ចឹងជាក់ស្តែងនៅក្នុងឆ្នាំ២០២០កន្លងមក នៅពេលដែលពិភពលោកទាំងមូលចាប់ផ្តើមរាតត្បាតនៅជំងឺកូវីដ១៩គឺ ប្រទេសកម្ពុជាយើងទទួលបាននៅការកោតសរសើរជាការវាយតម្លៃខ្ពស់អំពីសណ្តានចិត្តរបស់កម្ពុជា តាមរយៈសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចនាយករដ្ឋមន្ត្រី ឱ្យនាវាទេសចរណ៍ Westerdam ចូលចត ដោយ ទី១ គេបានសរសើរប្រទេសកម្ពុជាថាជាប្រទេសតូចដែលមានបេះដូងធំទូលាយ។ អញ្ចឹងទាំងអស់នេះមិនត្រឹមតែជា គេហៅថាគឺជាការកោតសរសើរមួយទេ ប៉ុន្តែវាបានធ្វើឱ្យមានការខ្ទរខ្ទៀនូវកេរ្តិ៍ឈ្មោះរបស់កម្ពុជាដល់បណ្តាភ្ញៀវអន្តរជាតិជាច្រើន នៅបណ្តាប្រទេសនានាគឺគាត់មានគម្រោងថានៅពេលដែលជម្ងឺកូវីដ១៩មានការថយចុះនោះ ឬក៏គ្រប់គ្រងបានល្អគឺ កម្ពុជាស្ថិតនៅក្នុងគោលដៅរបស់ពួកគាត់។ ទន្ទឹមហ្នឹងនោះ សារព័ត៌មានធំៗដូចជា Bloomberg និង BBC ជាដើម លោកទើបមានដាក់ចុះផ្សាយជាអត្ថបទថ្មីៗ ដែលបានសរសេរថា គ្មានពេលណាមួយដែលល្អជាងពេលនេះទេដែលមកទស្សនាកម្ពុជាជាពិសេសអង្គរវត្តតែម្តង ដោយស្ថិតក្នុងបរិបទមួយដែលកម្ពុជាមានការគ្រប់គ្រងស្ថានភាពបានល្អនៅចំនួនជំងឺកូវីដ១៩ ហើយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តសៀមរាម ឬការសាងសង់ផ្លូវនៅខេត្តព្រះសីហនុ នៅខេត្តសៀមរាប ឬហេដ្ឋារចនាសម្ព័ន្ធនានាកំពុងត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់។
ងាកមកវិស័យទេសចរណ៍វិញ យើងឃើញថាដើម្បីទប់ទល់នឹងជំងឺកូវីដ១៩នេះ រដ្ឋាភិបាលបានដាក់អនុម័តឱ្យប្រើប្រាស់នៅឯកសារគោលមួយសំខាន់ យើងហៅថាជា ផែនទីចង្អុលផ្លូវក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺឆ្លងកូវីដ១៩ ដែលឯកសារយុទ្ធសាស្ត្រដ៏សំខាន់នេះត្រូវបានរដ្ឋាភិបាលបានដាក់អនុម័តកាលពីខែមីនាឆ្នាំ២០២១កន្លងមកនេះ។ អញ្ចឹងនៅក្នុងឯកសារយុទ្ធសាស្ត្រនេះគឺបានចង្អុលបង្ហាញអំពីដំណាក់កាលចំនួនបីគឺ ដំណាក់កាលទី១ក្នុងឆ្នាំ២០២១ ដែលយើងហៅថាជាដំណាក់កាលគ្រប់គ្រងវិបត្តិ ដែលសំដោទៅលើការគ្រប់គ្រងវិបត្តិក្នុងគន្លងប្រក្រតីភាពថ្មី ដំណាក់កាលទី២គឺដំណាក់កាល២០២២ រហូតទៅដល់២០២៣ គឺជាដំណាក់កាលនៃការស្តារឡើងវិញ ជាក់ស្តែងយើងឃើញថាវិស័យសេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់យើងកំពុងតែចាប់ផ្តើមមានសន្ទុះត្រឡប់មកវិញ ទោះបីជាយើងមានការកម្រើកឡើងខ្លះនូវជំងឺកូវីដ១៩ប្រភេទអូមីក្រុងនៅខែកុម្ភៈនិងខែមីនានេះ ហើយដំណាក់កាល២០២៤-២០២៥នោះ យើងចាត់ទុកថាគឺជាដំណាក់កាលនេះការស្វែងរកនូវឱកាសអនាគតថ្មីនៃវិស័យទេសចរណ៍ មានន័យថាយើងអាចនិងឈានទៅទទួលបាននូវទេសចរណ៍អន្តរជាតិ៧លាននាក់នៅ២០២៥ និងទេសចរណ៍ក្នុងស្រុកប្រមាណជាង១១លាននាក់នៅឆ្នាំ២០២៣។ អញ្ចឹងក្រៅពីតែឯកសារគោលដ៏សំខាន់នេះ រាជរដ្ឋាភិបាលកាលពីថ្ងៃទី១៧ ខែមីនា កន្លងមកនេះ ក៏បានសម្រេចបើកឡើងវិញនូវ Visa on Arrival យើងហៅថាជាទិដ្ឋាការពេលមកដល់ ហើយក៏ដូចជាការលុបចោលនូវកាតព្វកិច្ចនៅក្នុងការធ្វើតេសរហ័ស តេស្ត Rapid តេស្ត PCR សម្រាប់ភ្ញៀវអន្តរជាតិដែលចូលមកកម្ពុជា។ អញ្ចឹងទាំងអស់នេះវាគឺជាការដាក់ចេញជាឯកសារយុទ្ធសាស្ត្រមួយដ៏សំខាន់ សម្រាប់ទាក់ទាញនូវទេសចរណ៍បរទេសឱ្យចូលមកកម្ពុជា ហើយទាំងអស់នេះអាចចាត់ទុកថាកម្ពុជារបស់យើងមានការឈានមុខក្នុងការ ក្នុងចំណាមបណ្តាប្រទេសរបស់អាស៊ានទាំងមូល ឬក៏នៅក្នុងបណ្តាប្រទេសមួយចំនួននៅក្នុងពិភពលោកហ្នឹងគឺ យើងឈានមុននៅក្នុងការបើកឡើងវិញនៅការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍អន្តរជាតិ ដោយធ្វើការបន្ធូរបន្ថយលក្ខខ័ណ្ឌច្រើនមែនទែន ប៉ុន្តែយើងមានការប្រុងប្រយ័ត្នខ្លាំងទាក់ទងជាមួយហ្នឹងទេសចរណ៍នេះ គឺយើងបើចំពោះតែទេសចរណ៍ដែលបានចាក់វ៉ាក់សាំងពេញលេញនោះទេ ដោយឡែកសម្រាប់ភ្ញៀវទេសចរណ៍ដែលមិនទាន់បានចាក់វ៉ាក់សាំងគឺនៅបន្តរក្សានូវការធ្វើចត្តាឡីស័កទៅតាមវិធានរបស់ក្រសួងសុខាភិបាលដដែល។
ទន្ទឹមហ្នឹងនេះ កន្លងមករដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្ត៍នូវឯកសារគោលចំនួនបួនសំខាន់ទៀតគឺមានដូចជា វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង២០២១-២០២៣ ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលយកទេសចរណ៍វ៉ាក់សាំង ការអនុម័តដាក់ឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប២០២១-២០២៥ និង ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី២០២១-២០៣៥ផងដែរ ដែលថ្ងៃទី១១ខែមេសាខាងមុខនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីលោកនឹងធ្វើពីធីដាក់ប្រកាសឱ្យប្រើការផែនការមណ្ឌលគីរីនេះជាផ្លូវការ។ ដូច្នេះ ខ្ញុំអាចសង្ខេបជារួមមកវិញថានៅក្នុងដំណាក់កាលកូវីដ១៩នេះ រដ្ឋាភិបាល ជាពិសេសដែលមានក្រសួងទេសចរណ៍ជាសេនាធិការបានរៀបចំដាក់ចេញជាឯកសារគតិយុត្តិ និងឯកសារយុទ្ធសាស្ត្រជាច្រើន ដើម្បីទ្រទ្រង់វិស័យទេសចរណ៍ ក៏ដូចជារក្សាដង្ហើមសេដ្ឋកិច្ច របស់បងប្អូនវិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ។
សំណួរទី ៣៖ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បាននឹងកំពុងខិតជិតមកដល់ ហើយយើងក៏បានឃើញនូវការត្រៀមរៀបចំនូវសកម្មភាពមួយចំនួនដែលប្រជាពលរដ្ឋខ្មែរបានរៀបចំ ដើម្បីស្វាគមន៍និងប្រារព្ធនាឱកាសចូលឆ្នាំថ្មីខាងមុខនេះ ហើយតំបន់ទេសចរណ៍ក្នុងប្រទេសជាច្រើនក៏កំពុងដំណើរការនូវការរៀបចំនេះដូចគ្នា។ ពាក់ព័ន្ធទៅនឹងចំនុចនេះ តើក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំក៏ដូចជាដាក់ចេញនូវគោលនយោបាយអ្វីខ្លះទៅលើវិស័យទេសចរណ៍សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីជាការត្រួតពិនិត្យ និងការពារនូវការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩?
យើងដឹងថាយើងខកខានពីរឆ្នាំហើយដោយសារតែកូវីដ១៩នេះ អញ្ចឹងទាំងអស់គ្នាគឺប្រមើលមើលអំពីកាលានុវត្តភាពពិធីបុណ្យចូលឆ្នាំនេះ ជាពិសេសគឺវិស័យឯកជនតែម្តង បងប្អូនប្រជាពលរដ្ឋទូទៅលោកក៏សង្ឃឹមទន្ទឹងរងចាំទទួលអំណរឆ្នាំថ្មី កន្លងមកនេះយើងរៀបចំតែនៅក្នុងផ្ទះដោយសារតែយើងខ្លាចកូវីដរាលដាលខ្លះ អញ្ចឹងឆ្នាំនេះយើងបានរីករាយ ហើយសម្តេចនាយករដ្ឋមន្ត្រីរួមទាំងរាជរដ្ឋាភិបាលក៏ប្រកាសឱ្យកំសាន្តសប្បាយប៉ុន្តែនាំគ្នា ត្រូវខិតខំបន្តការអនុវត្តនូវវិធាននានា ដើម្បីកុំឱ្យមានការរាលដាលឬបន្ទុះខ្លាំងនៃ កូវីដ១៩នេះ។ អញ្ចឹងក្នុងន័យនេះគឺសម្រាប់ក្រសួងទេសចរណ៍គឺបានដាក់ចេញនូវសរាចរណ៍ណែនាំមួយដែលក្រសួងទេសចរណ៍បានណែនាំតាមរយៈលិខិតបទដ្ឋានរបស់ខ្លួន កាលពីថ្ងៃទី២៨ ខែមីនាកន្លងមកនេះ ទៅដល់មន្ទីរទេសចរណ៍ទាំងអស់ឱ្យធ្វើការគ្រប់គ្រងចរន្តភ្ញៀវទេសចរណ៍ទាំងអស់ឱ្យបានម៉ត់ចត់ ក៏ដូចជាការពង្រឹងនូវគុណភាពផលិតផលនិងសេវាកម្មទេសចរណ៍។ អញ្ចឹងការគ្រប់គ្រងចរន្តភ្ញៀវទេសចរណ៍ហ្នឹងគឺ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបានដាក់ចេញសារចរណ៍ណែនាំនេះ ហើយបានធ្វើការប្រជុំណែនាំទៀតនៅថ្ងៃទី២៩ខែមីនាកន្លងមកនេះ ទៅដល់ប្រធានមន្ទីរទេសចរណ៍ទាំង២៥ រាជធានី ខេត្ត ឱ្យចុះទៅត្រួតពិនិត្យមើលទីតាំងមូលដ្ឋានអាជីវកម្ម គោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ហ្នឹង ត្រូវអនុវត្តឱ្យបានពេញលេញនូវវិធានសុវត្ថិភាពទេសចរណ៍ ក៏ដូចជាSOPដែលយើងហៅថានិតិវិធីប្រតិបត្តិស្តង់ដាអប្បបរិមារបស់មូលដ្ឋានអាជីវកម្មដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍។ អញ្ចឹងធ្វើយ៉ាងណាឱ្យមូលដ្ឋានអាជីវកម្មទាំងអស់ហ្នឹង អនុវត្តឱ្យបានពេញលេញនូវវិធានសុវត្តិភាពរបស់ក្រសួងទេសចរណ៍ហ្នឹងស្របតាមគោលការសុខាភិបាល មានដូចជាចាំបាច់ត្រូវរៀបចំឱ្យមានការscanកម្តៅ ការបាញ់អាកុល ការរក្សាគម្លាត ហើយនឹងវិធានផ្សេងៗទៀត។ ទន្ទឹមនឹងនេះ បុគ្គលិកដែលបំរើការនៅក្នុងមូលដ្ឋានអាជីវកម្មទាំងអស់ត្រូវតែទទួលបានការចាក់វ៉ាក់សាំង អញ្ចឹងបើបុគ្គលិកណាមិនទាន់ទទួលបានការចាក់វ៉ាក់សាំងគឺចាំបាច់ត្រូវតែចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសជុំរុញរហូតទៅដល់ដូសមូលដ្ឋានទៅទៀត។ អញ្ចឹងកន្លែងនេះ មានន័យថាគ្រប់មូលដ្ឋានទាំងអស់ គឺមន្ទីរទេសចរណ៍ត្រូវចុះទៅត្រួតពិនិត្យ អប់រំ ណែនាំ ក៏ដូចជាជំរុញការចូលរួមរបស់បងប្អូនដែលជាប្រតិបត្តិករនិងអាជីវករទេសចរណ៍។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍លើទឹកចិត្តមិនឱ្យមានការប្រមូលផ្តុំខ្លាំងនៅគោលដៅទេសចរណ៍សំខាន់ៗ គឺមានន័យថាព្យាយាមកាត់បន្តយការជួបជុំប្រមូលផ្តុំនៅតាមគោលដៅទេសចរណ៍នានាដើម្បីកុំឱ្យមានហានិភ័យណាមួយ ដែលអាចកើតឡើងជាយថាហេតុ។ទន្ទឹមជាមួយនឹងការគ្រប់គ្រងនូវចរន្តភ្ញៀវទេសចរណ៍ គោលដៅទេសចរណ៍ទាំងអស់នៅទូទាំងប្រទេស ក៏ត្រូវធានាឱ្យបានដល់សេវាប្រកបដោយគុណភាព និងគុណតម្លៃសមរម្យ មានន័យថាកន្លងមកនេះ យើងឃើញថាចរន្តភ្ញៀវទេសចរណ៍ចាប់ផ្តើមមានការកើនឡើងត្រលប់មកវិញ បន្ទាប់ពីរដ្ឋាភិបាលបានធ្វើការបិទបញ្ចប់នៅព្រឹត្តិការណ៍២០ កុម្ភៈ កាលពីកំឡុងខែធ្នូឆ្នាំ២០២១កន្លងមក យើងឃើញថាចរន្តភ្ញៀវនៅតាមគោលដៅទេសចរណ៍ជាពិសេសនៅចុងសប្តាហ៍និងបុណ្យទានសំខាន់ៗ ដូចជាបុណ្យឆ្លងឆ្នាំ ពិធីបុណ្យចូលឆ្នាំប្រពៃណីបងប្អូនចិន វៀតណាម ក៏ដូចជាពិធីបុណ្យនានាផ្សេងៗ។ អញ្ចឹងយើងឃើញថាចរន្តភ្ញៀវគឺកើនតែឡើង អញ្ចឹងទន្ទឹមគ្នានឹងពេលហ្នឹង យើងអាចថា ចរន្តក្នុងពេលចូលឆ្នាំនេះភ្ញៀវទេសចរណ៍បុកខ្លាំងទៅគ្រប់គោលដៅទាំងអស់ អញ្ចឹងការផ្តល់សេវាអាចជួបមាននៅកង្វះខាតខ្លះ អញ្ចឹងមន្ទីរទេសចរណ៍អាចពង្រឹងនៅការបណ្តុះបណ្តាល លើដែលថាជំនាញចាំបាច់ឬចំពោះមុខសម្រាប់ការផ្តល់សេវាហ្នឹង ហើយទន្ទឹមហ្នឹងគឺការផ្តល់តម្លៃនិងគុណភាពសេវាទាំងអស់ហ្នឹងនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានក៏ត្រូវមានលក្ខណៈសមរម្យ។ សមរម្យមានន័យថា បងប្អូន អាជីវករនិងប្រតិបត្តិករ ទាំងអស់ត្រូវតែបិទប្រកាសថ្លៃខ្លួនដូចថា លក់មួយបន្ទប់ថ្លៃប៉ុន្មានសម្រាប់អូតែលណាមួយអញ្ចឹងទៅដើម្បីឱ្យភ្ញៀវគាត់បានដឹងមុន ជៀសវាងថា បើភ្ញៀវទៅគេងហើយអត់បានប្រាប់មុន ដល់ពេលដែលយើងគិតទូទាត់តម្លៃវាធ្វើឱ្យមានការខ្នក់ចិត្តគ្នា មិនយល់ចិត្តគ្នា ពីតម្លៃទាំងអស់នេះ។ អញ្ចឹងការប្រកាសឱ្យដឹងមុនអំពីតម្លៃ នៅតាមកន្លែងស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់ ក៏ដូចជានៅតាមភោជនីយដ្ឋានឬអាហារដ្ឋានហ្នឹង វាជាកិច្ចការមួយសំខាន់ ដើម្បីធានានូវភាពពេញចិត្តរបស់បងប្អូនភ្ញៀវទេសចរណ៍ដែលនឹងដើរកម្សាន្តនៅឱកាសបុណ្យចូលឆ្នាំប្រពៃណីយើងដែលនឹងចូលមកដល់នាសប្តាហ៍ក្រោយ។
សំណួរទី ៤៖ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យមានការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយ៉ាងទូលំទូលាយ និងមានការបើកចំហរជាជាងឆ្នាំមុនៗក្រោមបរិបទនៃជំងឺរាតត្បាតសកលនេះ។ តើយើងអាចរំពឹងទុកអ្វីខ្លះពីវិស័យទេសចរណ៍នាឱកាសបុណ្យចូលឆ្នាំខាងមុខនេះ? ហើយការបើកឱ្យមានការចូលរួមដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាខាងមុខនេះ អាចផ្ដល់នូវកាលានុវត្តភាពនិងប្រយោជន៍អ្វីខ្លះដល់ការទ្រទ្រង់ចរន្តសេដ្ឋកិច្ចជាតិទាំងមូល?
បាទ មែនទែនទៅយើងឃើញថាគ្រប់គោលដៅទេសចរណ៍ទាំងអស់ ជាពិសេសបណ្តារាជធានីខេត្តលោកកំពុងតែដុតដៃដុតជើង នៅក្នុងការរៀបចំជាប្រព្រឹត្តិការណ៍អបអរសាទរចូលឆ្នាំ ជាពិសេសប្រព្រឹត្តិការណ៍សង្ក្រាន្តតាមទីប្រជុំជន ក៏ដូចជានៅតាមទីរួមខេត្តរាជធានីជាដើម ហើយយើងសង្កេតឃើញថាចាប់ពីសប្តាហ៍នេះមកហ្នឹង នៅតាមទីវត្តអារាម ក៏ដូចជាគ្រឹះស្ថានសិក្សា សាលារៀនក៏ដូចជាគ្រឹះស្ថានអប់រំមួយចំនួន គាត់ចាប់ផ្តើមរៀបចំមានព្រឹត្តិការណ៍សង្គ្រានទៅហើយ មានន័យថាចរន្តភ្ញៀវល៏ដូចជាការដើរកំសាន្តហ្នឹងបានចាប់ផ្តើមពីកំឡុងសប្តាហ៍នេះទៅហើយ។ អញ្ចឹងអ្វីដែលយើងប្រមើលមើលឃើញអំពីចូលឆ្នាំខ្មែរយើងនៅឆ្នាំនេះ នៅក្នុងឆ្នាំ២០២២នេះ យើងអាចវាយតម្លៃជាសុទិដ្ឋិនិយម ជាបឋមថានឹងមានបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាច្រើនដើរកំសាន្តតែម្តងនៅក្នុងរយៈបីថ្ងៃនៃក្នុងពិធីបុណ្យ ហើយហ្នឹងអាចមុនឬក៏ក្រោយហ្នឹង ដែលឈានទៅដល់មួយសប្តាហ៍ពេញក៏អាចថាបានដែរ។ អញ្ចឹងទាំងអស់នេះ អ្វីដែលអាចរំពឹងអំពីផលប្រយោជន៏ដែរទទួលបាន គឺបងប្អូនវិស័យឯកជនតែម្តង អ្នកដែលរកទទួលទានក្នុងវិស័យទេសចរណ៍និយាយជារួម និងបងប្អូនរកទទួលទាននៅវិស័យផ្សេងៗគឺនិយាយដោយឡែក។ អញ្ចឹងអ្នកដែលជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន មគ្គុទេស ទេសចរណ៍ អ្នកដឹកជញ្ជូន ការីទេសចរណ៍ អី្វទាំងអស់ហ្នឹង ក៏ដូចជាបងប្អូនដែលស្ថិតនៅមូលដ្ឋានដែលជាសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ហ្នឹង គឺគាត់បានកំពុងតែត្រៀមខ្លួនក្នុងការត្រៀមទទួលភ្ញៀវទេសចរណ៍នេះទៅហើយ តាមរយៈការបើកដំណើរការមូលដ្ឋានអាជីវកម្មរបស់គាត់វិញដែលមួយចំនួនបានផ្អាកនៅពេលដែលយើងមានកូវីដក្នុងខែកុម្ភៈកន្លងមកនេះ។ ហើយមូលដ្ឋានអាជីវកម្មខ្លះទៀតកន្លែងស្នាក់នៅក៏ដូចជាសណ្ឋាគារអី្វហ្នឹង គាត់ក៏មានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត ប្រូម៉ូសិន បញ្ចុះតម្លៃ ក៏ដូចជាការផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងទៀត សម្រាប់បងប្អូនដែលនឹងទៅលេងនៅក្នុងពិធីបុណ្យចូលឆ្នាំនៅខាងមុខនេះ។ ហើយយើងឃើញថាគោលដៅទេសចរណ៍សំខាន់ៗ ដូចជានៅខេត្តសៀមរាប នៅខេត្តព្រះសីហនុ នៅខេត្តកំពត ខេត្តកែប មណ្ឌលគិរី បាត់ដំបងជាដើម អត្រាបន្ទប់ស្នាក់នៅស្ថិតនៅក្នុងកម្រិតមួយខ្ពស់ មានន័យថាមកដល់បច្ចុប្បន្ននេះគឺសុទ្ធតែលើស៥០% ហើយនឹងមានការកើនឡើងបន្តបន្ទាប់មកទៀត ហើយបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍មួយចំនួន តាមការស្ទង់មតិ ជំហានបឋមនេះគឺមួយចំនួនគាត់អត់ទាន់ធ្វើការកក់កន្លែងស្នាក់នៅទេ ដោយសារគោលដៅគាត់ច្រើន គាត់អាចទៅលេងនៅស្រុកកំណើតសិន ហើយបន្ទាប់មកទៀតអាចបន្តទៅកាន់គោលដៅផ្សេងៗទៀតតាមក្រោយទៀត។ អញ្ចឹងយើងគ្រាន់តែនិយាយវាយតម្លៃបឋមមកដល់ថ្ងៃនេះ យើងរំពឹងថា សេដ្ឋកិច្ច ចរន្តសេដ្ឋកិច្ច ដែលទទួលបានពីលំហូរភ្ញៀវទេសចរណ៍ នៅក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ វានឹងបង្កើតទៅជាអត្ថប្រយោជន៍សេដ្ឋកិច្ចច្រើន ទាំងនៅថ្នាក់ជាតិក៏ដូចជាសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានផងដែរ។
សំណួរទី ៥៖ ឆ្លងកាត់នូវបទពិសោធន៍ប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ តើកម្ពុជាបានរៀនសូត្រ និងកំណត់បាននូវយុទ្ធសាស្រ្តអ្វីខ្លះសម្រាប់វិស័យទេសចរណ៍កម្ពុជា ដើម្បីឱ្យមានភាពបត់បែនទៅតាមកាលៈទេសៈជាក់ស្ដែង?
ពិតណាស់ថាជាបទពិសោធន៍មួយ យើងថាជាបទពិសោធន៍មួយថាជូរចត់ក៏បាន ប៉ុន្តែជាបទពិសោធន៍មួយដែលទាំងអស់គ្នាត្រូវតែរៀនសូត្រជាពិសេសវិស័យទេសចរណ៍តែម្តង។ វិស័យទេសចរណ៍អាចនឹងងាយរងគ្រោះដោយសារវិបត្តិសកលពីខាងក្រៅ សម្រាប់នៅផ្ទៃក្នុងយើងគឺយើងមានភាពរឹងមាំហើយយើងមានគោលដៅ យើងមានសក្ដានុពល ជាមួយនឹងគោលនយោបាយរាជរដ្ឋាភិបាលគាំទ្រជាច្រើន ប៉ុន្តែវិបត្តិសកលដែលយើងមិនអាចគ្រប់គ្រងឬព្យាករបាន ដូចជាកូវីដ១៩គឺចាំបាច់ត្រូវឱ្យមានការគិតគូត្រៀមខ្លួនជាមុន។ ជាកស្តែងយើងបានរៀនពីកូវីដ១៩ហើយ អញ្ចឹងសួរថាប៉ុន្មានឆ្នាំទៅមុខតទៀតតើនឹងអាចមានវិបត្តិអីផ្សេងទៀត? អញ្ចឹងទាំងអស់នេះគឺវិស័យទេសចរណ៍ ទាំងជាពិសេសគឺបងប្អូនដែលជាម្ចាស់មូលដ្ឋានអាជីវកម្មទាំងអស់ហ្នឹង គឺគាត់ត្រូវតែចាំបាច់រៀនសូត្រពីបទពិសោធន៍នេះហើយត្រៀមខ្លួនសម្រាប់អនាគតថ្មីនៃវិស័យទេសចរណ៍។ ការត្រៀមខ្លួនសម្រាប់អនាគតថ្មីនៃវិស័យទេសចរណ៍ មានន័យថាវិស័យទេសចរណ៍ក្រោយកូវីដនេះ ប្រហែលជានឹងមិនអាចស្ថិតនៅក្នុងគន្លងចាស់មួយបានទេ អញ្ចឹងគាត់ត្រូវគោរពទៅតាមបទដ្ឋាន អនាម័យសុខាភិបាលឱ្យកាន់តែម៉ាត់ចត់ជាងមុន ការរៀបចំនៅផែនការអាជីវកម្មដើម្បីងាយស្រួលទប់ទល់ជាមួននឹងវិបត្តិដែលកើតមានឡើងនៅពេលខាងមុខ ជាពិសេសគឺការចូលរួមឱ្យបានកាន់តែសកម្ម ជាមួយវិស័យសាធារណៈនៅក្នុងការរៀបចំនិងដាក់ចេញនូវគោលនយោបាយនានា។ ត្រង់ចំណុចនេះគឺ រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការនេះគឺតែងតែយកចិត្តទុកដាក់ខ្ពស់មែនទែននៅក្នុងការដាក់ចេញនៅឯកសារយុទ្ធសាស្ត្រ ក៏ដូចជាការត្រៀមខ្លួនប្រយុទ្ធជាមួយនឹងវិបត្តិនានា ក្រោមស្មារតីបុរេសកម្ម មានន័យថាយើងត្រៀមលក្ខណៈទុកជាមុនក្នុងពេលដែលវិបត្តិនោះកើតឡើង។ បើសិនជាមានវិបត្តិណាមួយកើតឡើង អញ្ចឹងយើងមានScenarioទី១ធ្វើយ៉ាងមិច Scenarioទី២ធ្វើយ៉ាងមិច ដូចជា Scenarioទី៣ជាដើម ដូចដែលយើងបានបង្ហាញក្នុងផែនទីចង្អុលផ្លូវដែលទទួលបានការអនុម័តពីរដ្ឋាភិបាល។ អញ្ចឹងយើងថាតើដំណោះស្រាយនៅក្រោយវិបត្តិឬមានវិបត្តិអី្វផ្សេងកើតឡើងគឺមានតែការរួមគ្នាជាធ្លុងមួយ កិច្ចសហការឱ្យបានស៊ីជម្រៅ រវាងដៃគូពាក់ព័ន្ធ ជាពិសេសរវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ដើម្បីអាចជំនះព្យុះភ្លៀងនិងវិបត្តិដែលអាចកើតមានឡើងនៅពេលខាងមុខនេះ។
************
វាគ្មិនកិត្តិយស៖ ឯកឧត្ដមបណ្ឌិត ជុក ជំនោរ អ្នកនាំពាក្យ និងប្រធាននាយកដ្ឋាអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ