ព្រឹទ្ធសភាបន្តសម័យប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ នៅថ្ងៃទី២០ ខែមេសា
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃពុធ ទី២០ ខែមេសា វេលាម៉ោង៨ព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគឺ៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។
ឯកឧត្តម ម៉ម ប៊ុននាង ព្រឹទ្ធសមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែមេសានេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយលើកយករបៀបវារៈមកពិភាក្សាចំនួនពីររួមមាន៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយមអភិវឌ្ឍន៍ជនបទនិងបរិស្ថាន ស្នើសុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ និងទី២-កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៤ នៅព្រឹកថ្ងៃទី២០ខែមេសា។
ឯកឧត្តម ម៉ម ប៊ុននាង បានបន្តថា ក្រោយពីបានប្រជុំពិភាក្សាយ៉ាងល្អិតល្អន់គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបាន សម្រេចកំណត់យកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ដើម្បីពិនិត្យហើយ ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។
អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា ច្បាប់នេះ មានសារៈសំខាន់ណាស់ដោយត្រូវការជាចាំបាច់ជួយដល់ប្រជាកសិករ ដើម្បីការដាំដុះនិងរៀបចំប្រើប្រាស់ជីប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យត្រូវតាមស្តង់ដារដែលប្រទេសធំៗ ដែលត្រូវយើងនាំផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារធំៗរបស់បណ្តាប្រទេសដែលតម្រូវការ។ បើអត់មានច្បាប់នេះទេ គឺពិបាកនឹងការនាំចេញទោះបីជាកម្ពុជាមានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសមួយចំនួនក៏ដោយ ប៉ុន្តែគេទាមទារតម្រូវឱ្យយើងមានភូតគាមអនាម័យច្បាស់លាស់ បានជាសម្តេចតេជោ ហ៊ុន សែន រៀបចំច្បាប់នេះឱ្យបានឆាប់ ដើម្បីជួយដល់ប្រជាកសិករដើម្បីកែប្រែពីកសិកម្មដូចរាល់ថ្ងៃនេះឱ្យក្លាយទៅជាកសិកម្មជឿនលឿន ហើយអាចនាំទៅបណ្តាប្រទេសណាក៏បានដែរ៕
ដោយ៖ពលជ័យ