សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកស្អែក

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញសម្ពោធសមិទ្ធផល នានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហាន ទី៤ នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ ។

គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយ ថវិកាសរុបប្រមាណ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលរដ្ឋាភិបាលជប៉ុន។ គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹក ក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា , ដំឡើងរបា មេកានិក ស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួនពីរគ្រឿង។

គម្រោងសាងសង់សំណង់ ដើម្បីការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណ ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ ជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេស ជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន( JICA) ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន នោះ បានអនុវត្តន៍គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ចំនួនបួន លើកហើយ។ តាមរយៈគម្រោងទាំងបួនលើកនេះ បានជួយឲ្យរាជធានីភ្នំពេញគេចផុត ពីការគំរាមកំហែងដោយទឹកជំនន់ និងបានជួយកសាងប្រព័ន្ធលូកាន់តែល្អប្រសើរ សម្រាប់រំដោះ ជំនន់ ទឹកភ្លៀង។

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏ បាន អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានតម្លៃប្រមាណ ២០លានដុល្លារអាមេរិក។ គម្រោងនេះ ក៏ជាគម្រោងដ៏សំខាន់មួយក្នុងការការពារ និងរំដោះទឹកជំនន់ ក្នុងរាជធានីភ្នំពេញផងដែរ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner