ច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ត្រូវបានព្រឹទ្ធសភាអនុម័ត

ភ្នំពេញ ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៩រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួនមួយគឺ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងដើម្បីកំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិ និងវិធានការភូតគាមអនាម័យ ការការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្កការឆ្លងរាលដាល និងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀង អនាម័យ គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ព្រមទាំងសន្តិសុខភូតគាមអនាម័យនៃរុក្ខជាតិ ផលិតផលរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ ការសម្រួលការធ្វើពាណិជ្ជកម្ម ការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវផលិតផលដំណាំ រុក្ខជាតិ និងផលិតផលរុក្ខជាតិ ព្រមទាំងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងការលើកកម្ពស់សុខុមាលភាព និងសុខភាពសាធារណៈប្រកបដោយនិរន្តរភាពធនធានធម្មជាតិ និងប្រព័ន្ធក្សេត្របរិស្ថាន ដើម្បីធានាការគ្រប់គ្រង ការពាររុក្ខជាតិ និងភូតគាមអនាម័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ មាន ១៥ជំពូក និង១១៣មាត្រា និងត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ៩២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។
កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ប្រធាន និងតំណាងគណៈកម្មការនានាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំពិនិត្យ សិក្សាលើសេចក្តីព្រាងច្បាប់នេះ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ របស់ក្រសួង។

ក្រោយពីសមាជិកព្រឹទ្ធសភាមួយចំនួន បានពិនិត្យ និងលើកជាសំណួរសុំការបំភ្លឺមួយចំនួន ព្រមទាំងផ្តល់យោបល់ជូនតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួចមក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្រាយបំភ្លឺយ៉ាងក្បោះក្បាយ។

នៅទីបញ្ចប់អង្គប្រជុំព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២នេះ បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner