សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល លើកទី៤ ស្តីពី «បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នៅជប៉ុន
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន និងគណៈកម្មាធិការប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ កំពូល លើកទី៤ ស្តីពី «បញ្ហាទឹកនៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក» ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្ត វេនជំនាន់ក្រោយ» ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន។
អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលខាងលើ រួមមាន៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀតផងដែរ។
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំពោះមុខ ប្រមុខរាជរដ្ឋាភិបាល និងឥស្សរជននយោបាយ ព្រមទាំងតំណាងអង្គការជាតិ និងអង្គការអន្តរជាតិ ជាច្រើនរូប សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំកំពូល ដោយផ្តោតលើសារសំខាន់នៃទឹក និងបញ្ហានានាពាក់ព័ន្ធនឹងទឹក ក៏ដូចជាតម្រូវការចាំបាច់ក្នុងការធ្វើការជាមួយគ្នា ដើម្បីគ្រប់គ្រងធនធានដ៏ចាំបាច់នេះ ប្រកបដោយចីរភាព។
ក្រៅពីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្រ្តីជប៉ុននឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហ-ប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិង ទេសចរណ៍ជប៉ុន ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏រំពឹងថា នឹងជួបពិភាក្សាការងារ ទ្វេភាគីជាមួយឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ទទួលជួបការសម្តែងការគួរសមពីសំណាក់ឥស្សរជន នយោបាយ និងធុរជនជប៉ុនមួយចំនួនផងដែរ ៕ ដោយ វណ្ណលុក



















