រុស្ស៊ីដាក់ទណ្ឌកម្មដោយផ្ទាល់ លើអនុប្រធានាធិបតីអាមេរិក និងស្ថាបនិក Facebook

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍បញ្ជាក់ថា ប្រទេសរបស់ខ្លួនបានដាក់ទណ្ឌកម្មផ្ទាល់ លើពលរដ្ឋអាមេរិកចំនួន ២៩នាក់ រួមទាំងអនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡា ហារីស និងនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg រួមទាំងពលរដ្ឋកាណាដាចំនួន៦១នាក់ទៀត។

ក្រសួងការបរទេសរុស្ស៊ីបន្តថា ពលរដ្ឋអាមេរិកសរុបចំនួន២៩នាក់ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបញ្ឈប់ (stop list) របស់រុស្ស៊ី ដើម្បីជាការឆ្លើយតបទៅនឹងទណ្ឌកម្មប្រឆាំងទីក្រុងម៉ូស្គូ ដែលដាក់ដោយរដ្ឋបាលលោក ចូ បៃដិន។

បើតាមក្រសួងការបរទេសរុស្ស៊ី មេដឹកនាំកំពូលអាមេរិក អ្នកជំនួញ អ្នកជំនាញ និងអ្នកកាសែត ក៏ដូចជាប្តីប្រពន្ធរបស់មន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ដែលស្ថិតក្នុងចំណោមអ្នកនៅក្នុងបញ្ជីបញ្ឈប់ នឹងត្រូវបានបដិសេធមិនអោយចូលក្នុងប្រទេសរុស្ស៊ីសម្រាប់រយៈពេលមិនកំណត់។

ជាមួយគ្នានេះ រុស្ស៊ីក៏បានដាក់បញ្ចូលមន្រ្តីក្នុងជួររដ្ឋាភិបាលកាណាដា ក្រសួងការពារជាតិ និងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយទៅក្នុងបញ្ជីបញ្ឈប់របស់ប្រទេសខ្លួនផងដែរ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពប្រឆាំងរុស្ស៊ី (Russophobic) ដែលបន្តធ្វើឡើងដោយកាណាដា។ បន្ថែមលើនេះ ពលរដ្ឋកាណាដា៦១នាក់ទៀតក៏នឹងត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសរុស្ស៊ីផងដែរ។

ទន្ទឹមគ្នា ក្រសួងការបរទេសរុស្ស៊ីក៏បានបញ្ជាក់ដែរថា “បញ្ជីបញ្ឈប់” នឹងត្រូវបានពង្រីកក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពអរិភាពដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកាណាដា៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា + បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner