ដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឥន្ទកោសីចុងកោះជ្រូក ត្រូវបានសម្ពោធ និងពុទ្ធាភិសេក
កំពង់ចាម៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា គណ:អភិបាលខេត្ត និងឯកឧត្តម សៀង ណាំ សមាជិករដ្ឋសភា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងដំបូលព្រះវិហារ សម្ពោធសមិទ្ធផលនានា និងពុទ្ធាភិសេក ក្នុងវត្តឥន្ទកោសីចុងកោះជ្រូក ស្ថិតក្នុងភូមិទីបួន ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
មានមតិសំណេះសំណាលជាមួយបងប្អូនពុទ្ធិបរិស័ទ ឯកឧត្តមប្រធានក្រុមការងារ ឯកឧត្តម សមាជិករដ្ឋសភា ឯកឧត្តមអភិបាលខេត្ត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនពុទ្ធិបរិស័ទដែលមានវត្តមាននាពេលនេះ និងបងប្អូនទូទាំងខេត្ត ។ ភ្ជាប់ជាមួយសមិទ្ធផលនេះ ឯកឧត្តម វេង សាខុន បានថ្លែង អំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះឯកឧត្តមប្រធានក្រុមការងារចុះឃុំ សហការី លោកអភិបាលស្រុក ឃុំ និងសប្បុរសជនដែលបានបរិច្ចាគថវិការួមគ្នាកសាងសម្ធិផលនេះឡើងទុកសម្រាប់គោរពបូជាទៅតាមប្រពៃណី ព្រះពុទ្ធសាសនា។ កាយវិការដែលប្រកបដោយស្មារតីទទួលខុសត្រូវ និងសិល្ប:នៃការចែករំលែកនេះ ពិតជាបានបង្ហាញពីការគិតគូរយកចិត្តទុក ដាក់អំពីបញ្ហាជីវភាព សេចក្តីត្រូវការ រួមសុខ រួមទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ សកម្មភាពយ៉ាងសកម្មរបស់សមាជិកក្រុមការងារនេះ បានឆ្លើយតបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា មន្រ្តីត្រូវចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំដើម្បីប្រមូលយកនូវរាល់បញ្ហា និងសេចក្តីត្រូវការចាំបាច់របស់បងប្អូន រួចធ្វើការដោះស្រាយជូនឲ្យបានទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព។
ឯកឧត្តមក៏បានក្រើនរំលឹកបងប្អូនត្រូវទៅបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអនាគតរបស់យើង កូនចៅយើង និងប្រទេសជាតិយើង ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្តទៀត។
ក្នុងនោះឯកឧត្តម វេង សាខុន បានវេរប្រគេនបច្ច័យ គ្រឿងឧបភោគ បរិភោគ ជូនព្រះសង្ឃចំនួន ៦៥ អង្គ។ ដោយឡែក ឯកឧត្តម សៀង ណាំ បាននាំយកអង្ករចំនួន ៣០តោន មកចែកជូនបងប្អូនទូទាំងកោះសំរោងចំនួន ១ ៥០០គ្រួសារ រួមទាំងបងប្អូនដែលបានអញ្ជើញចូលរួមក្នុងពិធីចំនួន ៤០០នាក់ផងដែរ៕







