មេដឹកនាំគណបក្សខ្មែររួបរួមជាតិ គាំទ្រនិងអបអរសាទរចំពោះការសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស

ភ្នំពេញ៖ មេដឹកនាំគណបក្សខ្មែររួបរួមជាតិ បានគាំទ្រនិងអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស និងបានហៅការសម្រេចនេះ គឺជាចំណុចល្អក្នុងការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋដែលត្រូវទិញម៉ាស់យកមកពាក់។ ការគាំទ្រនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស។

ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៦ ខែមេសានេះថា ការសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស គឺដោយរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ក្តាប់បានពីបញ្ហារោគរាតត្បាតកូវីដ-១៩ ។ នេះជាចំណុចមួយល្អប្រសើរ គឺទី១.កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋដែលត្រូវទិញម៉ាស់យកមកពាក់ និងទី២.នេះជាការសម្រេចមួយដែលសម្តេចតេជោ ហ៊ុន សែន មើលឃើញថា ក្រោយពីរាជរដ្ឋាភិបាលបានបើកទូលាយក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ គឺមានប្រជាពលរដ្ឋជាច្រើនបានដើរលេងកម្សាន្តសប្បាយនៅទូទាំងប្រទេស។ បើរោគរាតត្បាតកូវីដនៅខ្លាំងក្លាដូចកាលពីដំបូងៗ មិនដឹងមានអ្នកឆ្លងប៉ុន្មាននាក់ទេ ប៉ុន្តែបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែររួចជាលទ្ធផល គឺឃើញមានអ្នកឆ្លងមានចំនួនតិចតួច។

ឯកឧត្តម ញឹក ប៊ុនឆៃ បានបញ្ជាក់ថា “ការដែលសម្តេចតេជោ ហ៊ុន សែន សម្រេចមិនឱ្យពាក់ម៉ាស់ គឺជាការមួយដែលល្អប្រសើរ ដែលយើងក្តាប់បាននៅសភាពការណ៍កូវីដ-១៩ ហើយធ្វើឱ្យយើងចំណេញខាងសេដ្ឋកិច្ចផ្នែកវិនិយោគទុន ឬក៏ផ្នែកទេសចរណ៍ដែលជាចំណូលរបស់ជាតិមួយដ៏ធំរបស់យើងដែរ។ សមទៅនឹងអ្វីដែលរាជរដ្ឋាភិបាលបើកចំហភ្ញៀវដែលមកទេសចរណ៍នៅកម្ពុជាយើង ឬក៏វិនិយោគទុននៅកម្ពុជា។ ដោយថ្មីៗនេះ យើងមិនចាំបាច់តម្រូវឱ្យមានឯកសារបញ្ជាក់អំពីកូវីដមុនឹងមក ត្រូវធ្វើតេស្ត៧២ម៉ោង រហូតដល់ដល់បើកទូលាយភ្ញៀវបរទេសអញ្ជើញមកកម្ពុជាអនុញ្ញាតឱ្យវីសានៅព្រមានយន្តហោះភ្លាមៗ ដោយមិនបាច់សុំវិសានៅស្ថានទូត។ នេះជាវិធានការមួយបើកចំហឈានទៅរកភាពប្រក្រតីឡើងវិញ អាចធ្វើឱ្យភ្ញៀវទេសចរ វិនិយោគទុនមកកម្ពុជា និងធ្វើឱ្យសេដ្ឋកិច្ចមានកំណើនឡើងវិញ”។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស លើកលែងតែកន្លែងបិទជិត គឺរក្សាការពាក់ម៉ាសដដែល។ ដោយសម្ដេចបានបញ្ជាក់ថា ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នាពេលនេះ បន្ទាប់ពីតួលេខនៃការឆ្លងជំងឺកូវីដ-១៩ មានលការធ្លាក់ចុះក្នុងកម្រិតទាបបំផុត ហើយភាពស៊ាំសហគមន៍កាន់តែរឹងមាំ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមជម្រាបទៅដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសថា បន្ទាប់ពីមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីសុខាភិបាល នៅពេលនេះ រាជរដ្ឋាភិបាលបានសម្រេចដកកាតព្វកិច្ចពាក់ម៉ាសនៅតាមទីតាំងសាធារណៈចេញ ក៏ប៉ុន្តែកាតព្វកិច្ចនេះ នៅតែរក្សានៅក្នុងទីតាំងបិទជិតដែលមានដូចជា អគារ ទីតាំងរោងភាពយន្ត សាលប្រជុំជាដើម។ ការធ្វើបែបនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ទៅលើការទិញម៉ាស់ ដែលជាបន្ទុកចំណាយដ៏ធំមួយ៕
ដោយ៖ពលជ័យ

ads banner