ពានរង្វាន់បាល់ទាត់ មិត្តភាពយុវជន ស្រុកល្វាឯម បានឈានដល់វគ្គ៤ក្រុមចុងក្រោយ ខណៈក្រុមយុវជនឃុំ ល្ខោនខោលស្វាយអណ្តែត ចាញ់ ក្រុមយុវជនអរិយក្សត្រ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាពយុវជន ស្រុកល្វាឯម ប្រចាំឆ្នាំ២០២២ ដោយ មានក្រុមចូលរួមប្រកួតប្រជែងចំនួន១៧ មកពី១៧ឃុំ ក្នុងស្រុកល្វាឯម បានឈានដល់វគ្គ៤ក្រុមចុង ក្រោយ ដោយការប្រកួតយ៉ាងស្វិតស្វាញ ធ្វើអោយអ្នកគាំទ្រជក់ចិត្ត ។
លោក ស៊ុក ប៊ុនថេត ប្រធានគណម្មការសម្របសម្រួលការប្រកួតបាល់ទាត់មិត្តភាព ស្រុកល្វាឯម បានឲ្យដឹងថា ការប្រកួត៨ក្រុមចុងក្រោយនេះ ក្រុមយុវជនអធិរាជជ្រោយពិសី បានយកឈ្នះ ក្រុមយុវជន ឃុំព្រែកឬស្សី ក្នុងលទ្ធផល ២ទល់០ , ក្រុមយុវជន ឃុំសារិកាកែវ ឈ្នះ ក្រុមយុវជនឃុំសំបួរ ៣ទល់២ , ក្រុមយុវជនល្ខោនខោលស្វាយអណ្តែត ចាញ់ ក្រុមយុវជនឃុំអរិយក្សត្រ និងក្រុមយុវជនវិទ្យាល័យពាមឧកញ្ញ៉ាអុង ចាញ់ ក្រុមយុវជនឃុំកោះរះ ដោយបាល់កាត់សេចក្តី១១ម៉ែត្រដូចគ្នា ។
ក្នុងឪកាសទស្សនាការប្រកួតវគ្គ៨ក្រុមចុងក្រោយលោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានលើកឡើងថា ការប្រកួតនេះ ធ្វើក្នុងគោលបំណងបង្កើនស្មារតីសាមគ្គីភាព មិត្តភាពរបស់យុវជនធ្វើយ៉ាងណាឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និងអំពើឧប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម នឹងក៏ជាឱកាសមួយ ជួយផ្សព្វផ្សាយបញ្ជ្រាបអោយយុវជនយល់ដឹងអំពីការការពារជំងឺឆ្លងកូវីដ-១៩ ដែលកំពុងតែរីករាល ដាលនៅកម្ពុជាផងដែរ ។ លោកអភិបាលស្រុក បន្តថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាពយុវជន ស្រុកល្វាឯម ប្រចាំឆ្នាំ២០២២ ធ្វើឡើងដើម្បីស្វែងរកក្រុមជើងឯកតំណាងស្រុកល្វាឯមបន្តប្រកួតជាមួយក្រុមជើងឯកមកពី២ស្រុកផ្សេងទៀត គឺស្រុកកៀនស្វាយ និងស្រុកខ្សាច់កណ្តាល នៅពានរង្វាន់ ឯកឧត្តមបណ្ឌិត សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ដើម្បីគ្រងពានធំ ។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាពយុវជន ស្រុកល្វាឯម ប្រចាំឆ្នាំ២០២២ វគ្គ៤ក្រុមចុងក្រោយ នឹងត្រូវធ្វើការប្រកួតនាថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅទីលានវិទ្យាល័យហ៊ុន សែន ទឹកឃ្លាំង ដោយក្រុមយុវជនអធិរាជជ្រោយឬស្សី ត្រូវប៉ះ ក្រុមយុវជនឃុំសារិកាកែវ និងក្រុមយុវជនអរីយ៍ក្សត្រ ប៉ះ ក្រុមយុវជនឃុំកោះរះ ៕ ចាន់ វិចិត្រ