សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យមានការកែប្រែតំបន់ធ្លាប់ប្រយុទ្ធគ្នា ឱ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មបន្ថែមទៀត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបទៅសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដវៀតណាម ថា ទំហំពាណិជ្ជកម្មប្រទេសទាំង២ កម្ពុជា-វៀតណាម មានការកើនឡើងលើសផែនការរាប់ពាន់លានដុល្លារ និងបានជំរុញឱ្យមានការកែប្រែតំបន់ធ្លាប់ប្រយុទ្ធគ្នា ឱ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មបន្ថែមទៀត ។
នេះបើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញាតិឱ្យឯកឧត្តម ឌិញ ទៀនហ្ស៊ុង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដវៀតណាម និងជាលេខាបក្សហាណូយ ចូលជួបសម្ដែងការគួរសមនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ។
នៅក្នុងជំនួបនេះ ឯកឧត្តម ឌិញ ទៀនហ្ស៊ុង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឲ្យឯកឧត្តម បានចូលជួបសំដែងការគួរសម ។ ឯកឧត្តម បានគោរពនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរសម្ដេចតេជោ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
ឯកឧត្តម ឌិញ ទៀនហ្ស៊ុង ក៏បានសូមគោរពវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 របស់កម្ពុជា ហើយក៏បានគោរពរាយការណ៍ជូនសម្តេចតេជោ អំពីស្ថានភាពកូវី19 នៅរដ្ឋធានីហាណូយ ជាមួយស្ថានភាពសេដ្ឋកិច្ច ទិសដៅអភិវឌ្ឍន៍របស់រដ្ឋធានី និងការប្ដេជ្ញាចិត្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយនិងរាជធានីភ្នំពេញ ពង្រីកពង្រឹងមិត្តភាពនៃការអនុវត្តឲ្យទទួលបានជោគជ័យ នៅលើសេចកីថ្លែងការណ៍ កិច្ចព្រមព្រៀងនិងរាល់សេចក្ដីសម្រេចទាំងឡាយរបស់ថ្នាក់ដឹកនាំទាំងពីរ ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ឌិញ ទៀនហ្ស៊ុង ដែលបាននាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំរបស់វៀតណាម ។ សម្តេចតេជោ ក៏បានសម្ដែងនូវសេចក្ដីរីករាយជាមួយការរីកចំរើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងលើសផែនការរាប់ពាន់លានដុល្លារ។ សម្ដេច បានមានប្រសាសន៍បន្ថែមថា យើងត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កែប្រែតំបន់ធ្លាប់ប្រយុទ្ធគ្នា ឱ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មបន្ថែមទៀត រួមជាមួយនឹងការពិនិត្យមើលអ្វី ដែលរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ អាចធ្វើការរួមគ្នាបន្តទៀត ៕ ដោយ វណ្ណលុក