លោក ពូទីន ព្រមានប្រើកម្លាំងយោធាប្រឆាំងនឹងការធ្វើអន្តរាគមន៍ពីបរទេសនៅអ៊ុយក្រែន
មូស្គូ៖ ប្រទេសណាដែលព្យាយាមធ្វើអន្តរាគមន៍ក្នុងសង្គ្រាមអ៊ុយក្រែន នឹងត្រូវប្រឈមមុខនូវការឆ្លើយតបដោយយោធា “លឿនដូចផ្លេកបន្ទោរ”។ នេះបើតាមព្រមានរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។
លោក ពូទីន បានបញ្ជាក់ដូច្នេះថា ប្រសិនបើនរណាម្នាក់ពីខាងក្រៅព្យាយាមធ្វើអន្តរាគមន៍ក្នុងប្រទេសអ៊ុយក្រែន និងបង្កើតការគំរាមកំហែងជាយុទ្ធសាស្ត្រដល់រុស្ស៊ី ការឆ្លើយតបរបស់យើងនឹងលឿនដូចផ្លេកបន្ទោរ។
ដោយចង់សំដៅលើមីស៊ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែរ លោក ពូទីន បានបញ្ជាក់ដូច្នេះថា យើងមិនមែននិយាយអួតពីវានោះទេ។ យើងនឹងប្រើពួកវា ប្រសិនបើចាំបាច់ ហើយខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងពីរឿងនេះ ខណៈយើងបានសម្រេចចិត្តរួចរាល់ហើយលើបញ្ហានេះ។
មេដឹកនាំរុស្ស៊ីរូបនេះបានព្រមានខ្លាំងៗខាងលើនេះ នៅក្នុងសុន្ទរកថាមួយទៅកាន់សមាជិកសភារុស្ស៉ីក្នុងទីក្រុងសាំង ភីតធើស្បឺគ (St Petersburg) នៅថ្ងៃពុធសប្ដាហ៍នេះ និងបន្ទាប់ពីយោធារុស្ស៉ីអះអាងថាបានប្រើមីស៊ីលវាយប្រហារលើតំបន់ភាគខាងត្បូងអ៊ុយក្រែន ដោយបានកម្ទេចឃ្លាំងស្ដុក អាវុធដែលលោកខាងលិចបញ្ជូនឱ្យទីក្រុងកៀវ៕
ប្រភព៖ BBC ប្រែសម្រួល៖ ទីណា + បុត្រា


