សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គសេនាធិការចម្រុះជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ (Yamazaki Koji) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ។ ជំនួបនេះនៅ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃ របស់គណៈប្រតិភូនៃកងកម្លាំងស្វ័យការពារជប៉ុននៅព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចនាពេលនេះ គឺស្របពេលដែលក្នុងឆ្នាំ២០២២នេះ កម្ពុជា-ជប៉ុន បានប្រារព្ធខួប ទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងម្លាំងស្វ័យការពារជប៉ុ នក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដោយក្នុងនេះ មានការរៀបចំកម្មវិធីជាច្រើនរួមមាន៖មួយ.ដំណើរទស្សនកិច្ចផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នៅក្នុងប្រទេសជប៉ុន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ និង ពីរ. ពិធីប្រារព្ធខួបដោយមានការចូលរួមរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងការចូលចតនាវា កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នៅខេត្តព្រះសីហនុ ដែលអមដោយទស្សនកិច្ចនៅកំពង់ផែ យោធារាម កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ ៕ ដោយ៖ វណ្ណលុក