រដ្ឋបាលខេត្តសៀមរាប បាននិមន្តព្រះសង្ឃសូត្រស្វាធាយធម៍ និងជយន្តោ ប្រោះព្រំសុំសេចក្តីសុខសេចក្តីចម្រើន ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប
សៀមរាប៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប បាននិមន្តព្រះសង្ឃសូត្រស្វាធាយធម៍ និងជយន្តោ នាឱកាសឆ្នាំថ្មី ដើម្បីប្រោះព្រំសុំសេចក្តីសុខសេចក្តីចម្រើន ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប ក្រោមវត្តមាន ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និង លោកជំទាវ ឯកឧត្តម អស់លោកលោកស្រី ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាព មន្តី្ររាជការជុំវិញខេត្ត ជាច្រើននាក់ ។
ឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តមអភិបាលខេត្ត លោកជំទាវ និង អស់លោក លោកស្រី លោកអាចារ្យក៏បានធ្វើពិធីឧទ្ទិសបួងសួងព្រះបារមីដ៏ស័ក្តសិទ្ធិ ដែលគង់ប្រថាប់ថែរក្សានៅលើទឹកដីប្រវត្តិសាស្ត្រអង្គរដ៏បវរនៃយើងក៏ដូចនៅក្នុងកម្ពុជារដ្ឋទាំងមូល តាមជួយថែរក្សា ថ្នាក់ដឹកនាំប្រទេស និងប្រជាពលរដ្ឋកម្ពុជា ឲ្យជួបតែសេចក្តីសុខចម្រើន នឹងសូមឲ្យបារមីដ៏ស័ក្តសិទ្ធិដែលគង់ប្រថាប់នៅលើទឹកដីអង្គរ ជួយកំចាត់បង់នូវជម្ងឺដ៏កាចសាហាវកូវិដ.១៩ និងជម្ងឺឆ្លងផ្សេងៗឲ្យវិនាសសាបសូន្យពីកម្ពុជា ក៏ដូចនៅលើពិភពលោកទាំងមូល ព្រមទាំងសូមឲ្យបារមីនាំមកនូវជោគជ័យគ្រប់ប្រការ ក្នុងការស្តារនូវខឿនសេដ្ឋកិច្ចជាតិដ៏សំខាន់ គឺលើវិស័យទេសចរណ៍នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរនៃយើង ។
សូមបញ្ជាក់ថា កម្មវិធីសូត្រមន្តចម្រើនព្រះបរិតនៅរដ្ឋបាលខេត្តសៀមរាបយើង មិនមែនទើបតែធ្វើនោះទេ គឺមានតាំងពីយូរលង់ណាស់មកហើយ ជាក់ស្តែងកន្លងមកជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្ត តែងតែប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិតបែបនេះឡើង គឺក្នុងគោលបំណង់ចង់ឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយសន្តិសុខ សុវត្ថិភាព និងសុខុមាលភាពល្អប្រសើរ សំបូរសប្បាយដល់កូនចៅរកស៊ីមានបានជាដើម ៕ ដោយ ស៊ាន សុផាត