អ្នកចាំទីក្រុមយុវជនឃុំអរីយ៍ក្សត្រ សុខុម ឈាន បានបង្ហាញជំនឿចិត្តថា នឹងឈ្នះពានបាល់ទាត់ស្រុកល្វាឯមឆ្នាំនេះ
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាពយុវជន ស្រុកល្វាឯម ប្រចាំឆ្នាំ២០២២ ដោយមានក្រុមចូលរួមប្រកួតប្រជែងចំនួន១៧ មកពី១៥ឃុំ ក្នុងស្រុកល្វាឯម បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ។ ដោយក្រុមយុវជនអធិរាជជ្រោយឬស្សី បានយកឈ្នះ ក្រុមយុវជនឃុំសារិកាកែវ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៤ទល់២ ក្រោយស្មើ ០ទល់០ នៅម៉ោង៨០នាទី , ឯក្រុមយុវជនឃុំអរិយក្សត្រ យកឈ្នះ ក្រុមយុវជនឃុំកោះរះ ដោយបាល់កាត់សេចក្តី១១ម៉ែត្រដូចគ្នា ក្នុងលទ្ធផល ៤ទល់១ ក្រោយស្មើ ១ទល់១ នៅម៉ោង៨០នាទី ។
ក្រោយសង្រ្គោះបាល់បាន២គ្រាប់ កីឡាករ សុខុម ឈាន ជាអ្នកចាំទីក្រុមយុវជនឃុំអរីយ៍ក្សត្រ បានឲ្យដឹងថា ការយកឈ្នះក្រុមយុវជនឃុំកោះរះ ពិតជាពិបាកយកឈ្នះមែនទែន ដោយក្រុមរបស់ខ្លួនមានចំនុចខ្វះខាតច្រើន បទពិសោធន៍ក៏មានតិចតួច ជាពិសេសតំបន់កណ្តាល ។ ប៉ុន្តែខ្សែបំរើកោះរះវិញ គឺល្អហើយបម្លាស់ទីលឿន និងមានកីឡាករមានបទពិសោធន៍ច្រើន ដឹកនាំលេង ។ ទោះបីយ៉ាងណាក៏អ្នកចាំទីរូបនេះ បានបង្ហាញជំនឿចិត្តថា នឹងដណ្តើមពានរង្វាន់មិត្តភាពយុវជន ស្រុកល្វាឯមឆ្នាំនេះ អោយបាន ។
ដោយឡែកលោក ចាន់ រក្សា គ្រូបង្វឹក ក្រុមយុវជនឃុំអរីយ៍ក្សត្រ បានបញ្ជាក់ថា ការប្រកួតនេះមានភាពស្វិតស្វាញ ក្រុមទាំង២មានឪកាសល្អៗដូចគ្នា ប៉ុន្តែក្រុមយើងមានការរៀបចំ និងសហការគ្នាបានល្អ រហូតទទួលបានជ័យជំនះ ដោយទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ក្រោយស្មើគ្នា ០ទល់០ ក្នុងម៉ោង៨០នាទី ។ លោក ចាន់ រក្សា អះអាងថា ជំនួបវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមយុវជនអធិរាជជ្រោយពិសី គឺមិនងាយស្រួលនោះទេ ដោយសារក្រុមមួយនេះមានកីឡាករល្អៗច្រើន ហើយកាលជួបគ្នានៅវគ្គសន្សំពិន្ទុ លទ្ធផលស្មើគ្នា ០ទល់០ ។ ប៉ុន្តែក្រុមទាំងមូលប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងដណ្តើមយកពានជូនឃុំរបស់ខ្លួនអោយបាន ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាពយុវជន ស្រុកល្វាឯម ឆ្នាំ២០២២ វគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើការប្រកួតនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នៅទីលានវិទ្យាល័យហ៊ុន សែន ទឹកឃ្លាំង ដោយក្រុមយុវជនអធិរាជជ្រោយឬស្សី ត្រូវប៉ះ ក្រុមយុវជនអរីយ៍ក្សត្រ ដណ្តើមជើងឯក ខណៈក្រុមយុវជនឃុំសារិកាកែវ ប៉ះ ក្រុមយុវជនឃុំកោះរះ ដណ្តើមចំណាត់ថ្នាក់់លេខ៣ ។ ក្រោយបញ្ចប់ពានរង្វាន់នេះក្រុមជើងឯក ត្រូេះតំណាងស្រុកល្វាឯមបន្តប្រកួតជាមួយក្រុមជើងឯកមកពី២ស្រុកផ្សេងទៀត គឺស្រុកកៀនស្វាយ និងស្រុកខ្សាច់កណ្តាល នៅពានរង្វាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ដើម្បីគ្រងពានធំ ៕ ចាន់ វិចិត្រ





