សម្តេច Pope Francis ចង់ធ្វើដំណើរទៅរុស្ស៊ី ដើម្បីជួបលោក ពូទីន ពិភាក្សារឿងសង្រ្គាមនៅអ៊ុយក្រែន
វ៉ាទីកង់៖ សម្តេច Pope Francis បានមានព្រះបន្ធូលនៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយក្នុងថ្ងៃអង្គារថា សម្តេចបានស្នើសុំឱ្យមានកិច្ចប្រជុំនៅទីក្រុងម៉ូស្គូជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀ ពូទីន ដើម្បីព្យាយាមបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។
សម្តេច Pope ដែលបានធ្វើទស្សនកិច្ចដែលមិនធ្លាប់មានពីមុនមកនៅស្ថានទូតរុស្ស៊ីនៅពេលសង្រ្គាមបានចាប់ផ្តើមនោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ប្រហែលបីសប្តាហ៍នៅក្នុងជម្លោះ សម្តេចបានស្នើសុំឱ្យអ្នកការទូតកំពូលរបស់បុរីវ៉ាទីកង់ផ្ញើសារទៅលោក ពូទីន។
សារនោះ គឺថាខ្ញុំសុខចិត្តទៅទីក្រុងម៉ូស្គូ… ប្រាកដណាស់ វាចាំបាច់សម្រាប់មេដឹកនាំវិមានក្រឹមឡាំងដើម្បីអនុញ្ញាតឱ្យ។ យ៉ាងណាមិញ យើងមិនទាន់ទទួលបានការឆ្លើយតបទេ ហើយយើងនៅតែអំពាវនាវ។
នៅពេលសួរអំពីដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីកៀវ របស់អ៊ុយក្រែន សម្តេច Pope បាននិយាយថា សម្តេចនឹងមិនធ្វើដំណើរទៅក្នុងពេលនេះទេ។
សម្តេចបន្ថែមដូច្នេះថា ដំបូងខ្ញុំត្រូវទៅទីក្រុងម៉ូស្គូ ជាដំបូងខ្ញុំត្រូវជួបជាមួយលោក ពូទីន… ខ្ញុំនឹងធ្វើអ្វីៗតាមដែលខ្ញុំអាចធ្វើបាន ប្រសិនបើលោក ពូទីន គ្រាន់តែយល់ព្រមបើកចំហរទ្វារប៉ុណ្ណោះ៕ ប្រភព៖ Reuters ប្រែសម្រួល ៖ ទីណា និងបុត្រា





