ប្រធាន គ.ជ.ប៖ សហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ខិតខំជំរុញឱ្យដំណើរការនៃការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយគ្មានការគំរាមកំហែង គ្មានអំពើហិង្សា
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ការឃោសនាបោះឆ្នោត មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ផ្អែកតាមបទពិសោធន៍ក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត គ.ជ.ប ត្រូវបង្កើនកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ពិសេសបង្កើនការយកចិត្តទុកដាក់ ខិតខំជំរុញឱ្យដំណើរការនៃការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយគ្មានការគម្រាមកំហែង គ្មានអំពើហិង្សា និងជៀសវាងឱ្យបាននូវបាតុភាព ឬការបង្កឱ្យមានការរំខានណាមួយហើយ ឯកឧត្តម ក៏បានសំណូមពរឱ្យគណបក្សនយោបាយគោរពឱ្យបានតាមកម្មវិធីឃោសនាដែលបានឯកភាពគ្នារួចជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។
ការបញ្ជាកនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។
ឯកឧត្តមបានបន្តថា ដោយផ្អែកលើបទពិសោធន៍នៃការបោះឆ្នោតកន្លងមក គ.ជ.ប បានដាក់បន្ថែមបទប្បញ្ញត្តិមួយចំនួនឱ្យស្របនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងការដាក់បញ្ចូលប្រព័ន្ធប ច្ចេកវិទ្យាព័ត៌មានដើម្បីជាជំនួយដល់ការរៀបចំ និងការគ្រប់គ្រងការបោះឆ្នោតឱ្យកាន់តែល្អប្រសើរ មានតម្លាភាព និងមានសុក្រិតភាពថែមមួយកម្រិតទៀតដែលក្នុងនោះរួមមានកម្មវិធីដូចខាងក្រោម៖
– កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ
– កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត
– កម្មវិធីគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត។
ចំពោះដំណាក់កាលនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការ បោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ក៏បានលើកឡើងដែរថា គ.ជ.ប បាននិងកំពុងធ្វើការបណ្តុះបណ្តាលដល់មន្រ្តីបោះឆ្នោត គណបក្សនយោបាយ សមាគមអង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពយល់ដឹងច្បាស់លាស់ អំពីបទបញ្ជា និងនីតិវិធី ទាំងផ្នែកទ្រឹស្តី ទាំងការអនុវត្តជាក់ស្តែង និងជាពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជាជំនួយសម្រាប់ការគ្រប់គ្រង ការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និង កម្មវិធីគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត។
ពាក់ព័ន្ធនឹងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា សុំឱ្យមានការផ្សព្វផ្សាយទូលំទូលាយជាបន្តទៀត ជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រើសម្រាប់បោះឆ្នោត ដោយពួកគាត់ត្រូវស្នើសុំធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត ដែលមានរយៈពេល៣០ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប