ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងស្វែងរកដំណោះស្រាយជុំវិញបញ្ហាសន្តិសុខស្បៀង និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ក្នុងខែឧសភានេះ

យូអិន៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខយូអិនសម្រាប់ខែនេះបានបញ្ជាក់ក្នុងថ្ងៃអង្គារថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងធ្វើកិច្ចពិភាក្សាអំពីបញ្ហាសន្តិសុខស្បៀងអាហារ ក៏ដូចជាសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ក្នុងខែឧសភានេះ។

លោកស្រី Thomas-Greenfield បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា កម្មវិធីរបស់ក្រុមប្រឹក្សាយូអិនសម្រាប់ខែឧសភានេះ នឹងរៀបចំការជជែកដេញដោលដោយបើកចំហទៅលើបញ្ហាជម្លោះប្រដាប់អាវុធ និងអសន្តិសុខស្បៀង ក៏ដូចជាការសង្ខេបអំពីហានិភ័យ និងអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខ។

លោកស្រីបន្តថា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន នឹងធ្វើជាប្រធានកិច្ចពិភាក្សាបើកចំហរនៅថ្ងៃទី១៩ ខែឧសភាខាងមុខនេះ។ ហើយនៅថ្ងៃទី២៣ ខែឧសភា ស្ថាប័នដែលមានសមាជិក១៥នេះ នឹងធ្វើសន្និសីទសង្ខេបស្តីពីបច្ចេកវិទ្យា និងសន្តិសុខ។

លោកស្រីបានបញ្ជាក់ដូច្នេះថា នេះគឺជាការផ្តោតសំខាន់ថ្មីរបស់ក្រុមប្រឹក្សា និងថា វាជាពេលវេលាដ៏យូរណាស់មកហើយសម្រាប់វាដើម្បីដោះស្រាយយ៉ាងពេញលេញជាមួយនឹងឥទ្ធិពលនៃបច្ចេកវិទ្យាឌីជីថលលើការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

លោកស្រីបន្តថា បន្ថែមពីលើព្រឹត្តិការណ៍ធំៗទាំងពីរនេះ ក្រុមប្រឹក្សានឹងបន្តព្រួយបារម្ភអំពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ជាមួយបទសង្ខេបដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ខាងមុខ។

លោកស្រីបន្ថែមថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស នឹងឡើងថ្លែងនៅក្នុងកិច្ចពិភាក្សាបើកចំហស្តីពីជម្លោះ និងសន្តិសុខស្បៀង៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner