គ្រាប់បែកដ៏ធំ ១គ្រាប់ទម្ងន់ជិត ១តោន ត្រូវបានអង្គភាពមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា រកឃើញនៅបាតទន្លេ បួនមុខ ក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង

ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៉ីម៉ាក់ (CMAC) បានត្រួតពិនិត្យ និងបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 (AN-M34) ដែលបានប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខ ក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 នេះមានទម្ងន់ជិត ១ ០០០គីឡូក្រាម មានជាតិផ្ទុះជាង ៥០០គីឡូក្រាម ដែលមានថាមពលបង្កគ្រោះថ្នាក់ខ្ពស់ ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម។ តាមទិន្នន័យព័ត៌មាន គឺមានគ្រាប់បែកប្រភេទAN-M66 នេះចំនួន ១១គ្រាប់ ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា។

សូមជម្រាបថា គ្រាប់ទម្លាក់ពីលើយន្តហោះ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់អាយុជីវិតប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចជូនអង្គភាពស៉ីម៉ាក់ ក្នុងការរុករក និងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមបាតទន្លេរ ដើម្បីផ្តល់សន្តិសុខសុវត្ថិភាពជូនប្រជាជន៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner