អង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជា បានបិទបញ្ចប់សិក្ខាសាលាស្តីពី”ជនរងគ្រោះ”
ភ្នំពេញ ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានបិទបញ្ចប់សិក្ខាសាលារយៈពេលបីថ្ងៃស្តីពី «ជនរងគ្រោះ និងការផ្សព្វផ្សាយរបាយការណ៍ប្រឹក្សា ស្តីពីសកម្មភាពនានា ពាក់ព័ន្ធនឹងជនរងគ្រោះរបស់ អ.វ.ត.ក នៅអំឡុងដំណាក់កាលដែលនៅសេសសល់»។ គួរបញ្ជាក់ថាសិក្ខាសាលានេះបានរៀបចំឡើងអស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះបានប្រារព្ធធ្វើឡើងដោយមានវត្តមានយ៉ាងសកម្មរបស់ដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះ ដែលជាអ្នកនៅរស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ ចំនួន ១៩នាក់។ ពួកគាត់បានចូលរួមយ៉ាងទៀងទាត់ ក្នុងកិច្ចពិភាក្សាក្រុមការងារ ជាមួយអ្នកចូលរួមដទៃទៀត ហើយពួកគាត់បានចែករំលែកគំនិតយ៉ាងច្រើននៅវគ្គពេញអង្គបិទបញ្ចប់នាថ្ងៃនេះ។
នៅក្នុងកម្មវិធីបិទសិក្ខាសាលា ពួកគាត់ត្រូវបានតំណាងដោយដើមបណ្តឹងរដ្ឋប្បវេណីលោក ចាន់ សាត និងលោកស្រី ពេជ្រ ស្រីផល ដែលពួកគាត់បានធ្វើការកត់សម្គាល់ដោយសង្ខេប ហើយបានស្នើសុំឱ្យក្រសួងស្ថាប័ន នៅក្នុងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិនានា ផ្តល់ការគាំទ្របន្ថែមទៀត ដល់ជនរងគ្រោះដែលជាអ្នកនៅរស់រានមានជីវិត ដែលមានវ័យចំណាស់ នៅពេលខាងមុខ ហើយឲ្យពួកគាត់អាចចែករំលែកបទពិសោធន៍ពួកគាត់ ជាមួយសាធារណជនទូទៅ ដើម្បីធានាថា មិនមានការកើតឡើងសារជាថ្មី នូវជម្លោះបែបនេះឡើយ។
សិក្ខាសាលាបីថ្ងៃនេះ ក៏ទទួលបាននូវចំណាប់អារម្មណ៍ និងការចូលរួមរបស់សហគមន៍ការទូតអន្តរជាតិផងដែរ។ សិក្ខាសាលានេះបានប្រារព្ធឡើងកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដោយមានសុន្ទរកថាបើក ដ៏គួរឱ្យចាប់អារម្មណ៍របស់ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅប្រទេសកម្ពុជា និងឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋបាលជួយអ.វ.ត.ក ហើយត្រូវបានបិទបញ្ចប់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយសុន្ទរកថាដ៏កក់ក្តៅ ស្តីពីការគាំទ្រពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅប្រទេសកម្ពុជា។
ព្រឹត្តិការណ៍នេះក៏មានការចូលរួមផងដែរ ពីសំណាក់ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅប្រទេសកម្ពុជាគឺលោកជំទាវ Tina REDSHAW ។ តំណាងស្ថានទូត ការិយាល័យការទូត ប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក អាល្លឺម៉ង់ សហភាពអឺរ៉ុប ស្វីស ទួរគី ថៃ និងវៀតណាម ក៏បានចូលរួមផងដែរ។ ការិយាល័យសន្តិភាពស៊ីវិល GIZ របស់ប្រទេសអាល្លឺម៉ង់ ក៏បានបញ្ជូនសិក្ខាកាមធម្មតាយ៉ាងច្រើន ដែលពួកគេបានចូលរួមចំណែកយ៉ាងលើសលប់ ជាយោបល់ និងការគាំទ្រ នៅក្នុងកម្មវិធីសិក្ខាសាលាទាំងមូល។ អង្គសិក្ខាសាលាសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមទាំងអស់នេះ ព្រមទាំងការប្តេជ្ញាចិត្តជាមួយ អ.វ.ត.ក ក្នុងពេលដែល អ.វ.ត.ក ឈានដល់ដំណាក់កាលនៅសេសសល់របស់ខ្លួន។
អ្វីដែលជាការសំខាន់នោះ គឺអង្គសិក្ខាសាលាមានការចូលរួមយ៉ាងសកម្ម និងដោយយកចិត្តទុកដាក់ ពីសិក្ខាកាមជាង ៩០នាក់ ដែលក្នុងនោះរួមមាន តំណាងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការអន្តរជាតិ ស្ថាប័នរដ្ឋនិងសារមន្ទីរ មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី អ្នកសិក្សាឯករាជ្យ មេធាវី និងអ្នកស្រាវជ្រាវ ព្រមទាំងភាគីនានានៃ អ.វ.ត.ក និងបុគ្គលិក អ.វ.ត.ក ផងដែរ ដែលពួកគាត់ទាំងអស់បានចូលរួមរយៈពេលបីថ្ងៃ ហើយបានចូលរួមចំណែកនូវព័ត៌មានលម្អិតយ៉ាងច្រើន និងសំបូរបែប សម្រាប់ក្របខណ្ឌនិងកម្មវិធីនៃដំណាក់កាលនៅសេសសល់ ដែលនឹងឈានចូលមកដល់របស់ អ.វ.ត.ក។
ដូចដែល ឯកឧត្តម ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក Knut ROSANDHAUG អនុប្រធានការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក បានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងសុន្ទរកថាបើក និងសុន្ទរកថាបិទ របស់ពួកគាត់ហើយថា សិក្ខាសាលារយៈពេលបីថ្ងៃនេះ គឺជាជំហានដំបូងបំផុតដែល អ.វ.ត.ក ជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកតំណាងរបស់ពួកគាត់ និងអ្នកពាក់ព័ន្ធនានា ចាប់ផ្តើមធ្វើការពិចារណា និងអនុវត្តនូវអាណត្តិការងារនៅសេសសល់ ៕ ដោយ ៖ ស៊ូ វណ្ណលុក













