រដ្ឋមន្រ្តីក្រសួងអប់រំថ្លែងអំណរគុណដល់សាលាបារាំងរឺណេដេកាតព្រមទាំងរដ្ឋាភិបាលនៃសាធារណៈរដ្ឋបារាំងដែលបន្តខិតខំប្រឹងប្រែងចូលរួមលើកកម្ពស់អភិវឌ្ឍន៍វិស័យអប់រំនិងធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សាលាបារាំងរឺណេដេកាត (Lycée français René Descartes) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមពិធីអបអរខួប ៧០ឆ្នាំ នៃសាលាបារាំងរឺណេដេកាត នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រាកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ។

ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា រដ្ឋលេខាធិការ ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ហ្សាក់កេស ប៉ែលឡេត (Jacques PELLET )ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាង ទីភ្នាក់ងារសម្រាប់ការសិក្សាភាសាបារាំងនៅបរទេស និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេង ទៀត។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានថ្លែងនូវអំណរសាទរ និងកោតសរសើរដល់ សាលាបារាំង រឺណេដេកាត សម្រាប់ភាពជោគជ័យនៃដំណើរការរយៈពេល ៧០ឆ្នាំនៅប្រទេសកម្ពុជា ពោលគឺចាប់តាំងពីឆ្នាំ១៩៥១។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរផងដែរដល់ គុណភាព នៃកម្មវិធីសិក្សាព្រមទាំងប្រព័ន្ធនៃការបង្រៀនតាមបែបបារាំង ដែលសាលាកំពុងអនុវត្ត និងទទួលបានទំនុកចិត្តពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាល។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងបន្ថែមអំពី កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាង ស្ថានទូត បារាំងប្រចាំនៅកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលស្ដែងឡើងតាមរយៈ សេចក្ដីប្រកាសស្ដីពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌផែនការរួមសម្រាប់ភាសាបារាំង និងសកម្មភាពជាច្រើនផ្សេងទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សាលា បារាំង រឺណេដេកាត ព្រមទាំងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងដែលបន្តខិតខំប្រឹងប្រែងចូលរួមលើក កម្ពស់អភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner