សម្តេចវិបុលសេនាភក្តី សាយ ឈុំ , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង
ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពពិធី បញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ។

ពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានប្រារព្ធធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីសាសនា ដោយមានការនិមន្ត យាង និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ និងឥស្សរជនជាន់ខ្ពស់ជាតិថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមានការចូលរួមពីកងកម្លាំង អាជ្ញាធរខេត្ត ក្រសួង ស្ថាប័ន មន្ត្រីរាជការ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងសេចក្តីក្តុកក្តួលរំជួលចិត្ត ក្រៀមក្រំឥតឧបមា។
អ្នកចូលរួមទាំងអស់ មានសេចក្តីក្តុកក្តួលរំជួលចិត្តជាខ្លាំងចំពោះការបាត់បង់រូបសម្តេចឧត្តមទេពញាណ គឺជាការបាត់បង់នូវលោកឪពុក លោកឪក្មេក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទះ មនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការជារហូតមក។


សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។
សូមបួងសួងឲ្យវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ បានទៅសោយសុខក្នុងឋានសុគតិភព ជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយៈ ពល ជ័យ






