សម្តេចតេជោ ហ៊ុន សែន៖ កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនជាង ១៦លានដុល្លារអាមេរិក សម្រាប់ទិវាកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កាកបាទក្រហមកម្ពុជា បានប្រមូល មូលនិធិ ពីការបរិច្ចាគរបស់សប្បុរសជនជាតិ និងអន្តរជាតិ បានជាង ១៦លាន ដុល្លារ សហរដ្ឋអាមេរិក ដែលជាចំនួនមួយដ៏ច្រើនក្នុងពេលវេលា នៃដំណាក់កាលវិបត្តិកូវីដ-១៩ ក្នុងឱកាសទិវាិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ឧសភា ខួប លើកទី១៥៩ ឆ្នាំ២០២២ ។
បើយោងតាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ក្នុងពេលដែលយន្តហោះពិសេស បានចុះចតនៅប្រទេសកូរ៉េខាងត្បូង ដើម្បីចាក់សាំងយន្តហោះ បានបន្តដំណើរទៅសហរដ្ឋអាមេរិក ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានក្រាប បង្គំទូលថ្វាយអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះមហាក្សត្រ និងហ្លួងម៉ែ ព្រមទាំង សប្បុរជនជាតិ-អន្តរជាតិ ដែលបានប្រោសព្រះរាជទាន ព្រះរាជទ្រព្យ និងបរិច្ចាគថវិកា ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា តាមរយៈទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២នេះ ។
បន្ទាប់ពីការចុះចតចាក់សាំងយន្តហោះនេះ សម្តេច នឹងទៅដល់រដ្ឋអាឡាស្កា នៃសហរដ្ឋអាមេរិក នៅ៧ម៉ោង ក្រោយពីចេញពីទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង ដែលសម្តេចបានចុះចតនៅម៉ោងជាង១២ថ្ងៃត្រង់នេះ។
បន្ទាប់មកសម្តេចនឹងបន្តដំណើរទៅរដ្ឋធានីវ៉ាស៊ីនតោនDC ដែលនឹងទៅដល់ក្នុងរង្វង់ម៉ោង៥:៣០នាទីល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅទីនោះ។ នៅរដ្ឋធានីវ៉ាស៊ីនតោនDC នេះហើយ ដែលជាកន្លែងសម្តេចតេជោចូលរួមប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។ ក្នុងការធ្វើដំណើរដ៏វែងឆ្ងាយនេះសម្តេចតេជោ ក៏បានបញ្ជាក់ដែរថា មានសុខភាពល្អជាធម្មតាទេ។
សូមបញ្ជាក់ថា នៅពេលសម្តេចតេជោ ហ៊ុន សែន ទៅដល់រដ្ឋធានីវ៉ាស៊ីនតោន សម្តេចនឹងជួបជាមួយពលរដ្ឋកម្ពុជានៅទីនោះ ដែលនឹងរួមអាហារជុំគ្នាផងដែរ មុននឹងចូលរួមកិច្ចប្រជុំដ៏សំខាន់ កំពូលពិសេសអាស៊ាន-អាមេរិក ដែលនឹងធ្វើការពិភាក្សាជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ពិភពលោក ៕ ដោយ វណ្ណលុក





