នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម ព្រមព្រៀងគ្នាក្នុងការបើកទេសចរណ៍ឡើងវិញទាំងផ្លូវគោក និងផ្លូវអាកាស បន្ទាប់ពីផ្អាកដោយសារជំងឺកូវីដ១៩

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា-វៀតណាម បានព្រមព្រៀងគ្នាក្នុងការបើកទេសចរណ៍ ឡើងវិញទាំងផ្លូវគោក និងផ្លូវអាកាស និងណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍ប្រទេសទាំងពីរ ពិភាក្សាគ្នា ឱ្យបានច្បាស់លាស់ជុំវិញលក្ខខណ្ឌនៃការធ្វើដំណើរនេះ បន្ទាប់ពីបានផ្អាកដោយសារជំងឺកូវីដ១៩ ។

ការព្រមព្រៀងគ្នារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នាទីក្រុងវ៉ាស៊ីន តោន សហរដ្ឋអាមេរិក ។

នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវ ការរីករាយដែលបានជួបនាយករដ្ឋមន្ត្រី វៀតណាម សារជាថ្មីម្តងទៀត និងបានថ្លែងអំណរគុណដែលកន្លងមក ឯកឧត្តម នាយករដ្ឋមន្ត្រី វៀតណាម បានទូរស័ព្ទចូលរួមចែករំលែកទុក្ខចំពោះសម្តេចដែលបានបាត់បង់បងប្រុស បង្កើតទី២ របស់សម្តេច គឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងបានបញ្ជូនអនុរដ្ឋមន្ត្រីនាំលិខិត មកដោយ ផ្ទាល់។ សម្តេចក៏អរគុណចំពោះថ្នាក់ដឹកនាំវៀតណាមផ្សេងទៀត ចំពោះការចូលរួមរម្លែកទុក្ខ ។

ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម ក៏បានសម្ដែងក្ដីរីករាយ និងអរគុណផងដែរ ដែលបានជួប ជាមួយ សម្ដេចតេជោ សារជាថ្មីម្តងទៀតនៅថ្ងៃនេះ និងបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពី ប្រធានសភាវៀតណាម ក៏ដូចជាលេខាបក្សវៀតណាម ជាពិសេស ការចួលរួមរម្លែកទុក្ខចំពោះ មរណភាពបងប្រុស របស់សម្ដេច ។

ជាមួយនឹងការសាទរចំពោះសមិទ្ធផលរបស់កម្ពុជា ជាពិសេស ការគ្រប់គ្រងកូវីដ១៩ បានល្អ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានមានប្រសាសន៍ថា ការគ្រប់គ្រងកូវីដ១៩បានល្អ គឺល្អ សម្រាប់ការជម្រុញសេដ្ឋកិច្ចឱ្យមានការលូតលាស់ឡើងវិញ ។ សម្ដេចតេជោ បានលើកឡើងថា ក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ កម្ពុជា មិនមានករណីឆ្លងជំងឺកូវីដ-១៩ នោះទេ។ សម្ដេច ថា មានមនុស្សប្រមាណ ៤លាននាក់ ដែលជាអាទិភាពក្នុងការចាក់វ៉ាក់សាំងដូសបន្ថែម ឬដុសទី៤ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចរបស់យើង ដែលកំពុង ដំណើរ ការយ៉ាងល្អប្រសើរ ដោយការនាំចេញបានកើនឡើង ដោយក្នុងឆ្នាំ២០២០ និង២០២១ មាន ការកើនឡើងប្រមាណ ៣៣ភាគរយ ហើយ ៤ខែដំបូងឆ្នាំនេះ ក៏មានការឡើងថែមទៀត ខណៈ ការ នាំ ចេញទៅអាមេរិក ក៏មានការឡើងដល់ទៅ ៤០ភាគរយ ឯណោះ។ ចំណែកការ ប្រមូល ចំណូល ពន្ធចូលថវិកាជាតិ គឺមានការកើនឡើងប្រមាណ ៤៣ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរ ពីការព្រមព្រៀងគ្នាជាមួយនាយករដ្ឋមន្ត្រី វៀតណាម ក្នុងការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នាឡើងវិញ និងបានណែនាំ ឱ្យរដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសទាំងពីរ ពិភាក្សាគ្នាឱ្យបានច្បាស់លាស់ជុំវិញលក្ខខណ្ឌ នៃការ ធ្វើដំណើរនេះ បន្ទាប់ពីផ្អាកដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ខណៈកម្ពុជា ក៏បានសម្រួល លក្ខខណ្ឌ មួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវ ទេសចរបរទេសផងដែរ។ ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម ក៏បានឯកភាពជាមួយសម្ដេច តេជោនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណា ឱ្យប្រទេសយើងទាំង២ បានបើកទេសចរណ៍ឡើងវិញទាំងស្រុង ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នា ។

ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានពិភាក្សាពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដែលថា បានសម្រេច ៦ភាគរយ ទៀត នៅឆ្នាំ២០២២នេះ ដោយនឹងគ្រោងនឹងចុះហត្ថលេខា ក្នុងឆ្នាំនេះ ខណៈដែលការ ចរចារ សម្រេចបាន ៦ភាគរយបន្ថែមនេះ កម្ពុជា-វៀតណាម បានធ្វើការចរចារប្រមាណ៣ឆ្នាំ ដែល ៦ភាគរយបន្ថែមទៀតបូកទៅបាន៩០ភាគរយ ហើយសម្រេចថា នឹងចុះហត្ថលេខានៅ ឆ្នាំ២០២២ នេះ ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner