អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់អំពីគុណភាពនៃទឹកខ្មៅលុបលាងមិនជ្រះសម្រាប់ជ្រលក់ដៃអ្នកបោះឆ្នោត
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបញ្ជាទិញទឹកខ្មៅលុបមិនជ្រះពីប្រទេសឥណ្ឌាប្រមាណជាង៥ម៉ឺនដប សម្រាប់ជ្រលក់ដៃអ្នកបោះឆ្នោតក្នុងការបង្ការការបោះឆ្នោតលើសពីមួយដង។ ទឹកខ្មៅលុបមិនជ្រះនេះ គឺមានគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នឹងស្បែកដៃ ក្រចក និងគល់ត្រចក ព្រមទាំងកម្រិតជាតិស្ងួតលឿនក្នុងបរិយាកាស មិនអាចលាងសំអាតឱ្យបានស្អាតល្អភ្លាមៗនោះទេ។
អ្នកនាំពាក្យ គ.ជ.ប ឯកឧត្តម សោម សូរីដា បានមានប្រសាន៍ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១២ ខែឧសភានេះថា តាមរយៈការជ្រលក់ម្រាមដៃចូលទៅក្នុងដបដើម្បីបញ្ជាក់អំពីការអញ្ជើញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋ គឺជាវិធានការសំខាន់មួយដែលបានកំណត់នៅក្នុងច្បាប់ នេះគឺជាចំណុចមួយដែលចង់បញ្ជាក់អំពីការជ្រលក់ទឹកខ្មៅលុបមិនជ្រះ បន្ទាប់ពីអ្នកមានឈ្មោះបោះឆ្នោតបានទម្លាក់សន្លឹកឆ្នោតចូលទៅក្នុងហិប។ ប៉ុន្តែលក្ខខណ្ឌសំខាន់មួយទៀត គឺការធានាថា ប្រជាពលរដ្ឋតែម្នាក់គត់នឹងមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតតែមួយកន្លែង។ ទឹកខ្មៅលុបលាងមិនជ្រះជាផ្នែកមួយដែលបានកំណត់នៅក្នុងច្បាប់ដែលតម្រូវឱ្យ គ.ជ.ប ប្រើប្រាស់សម្រាប់ការបញ្ជាក់ថា ប្រជាពលរដ្ឋម្នាក់បោះឆ្នោតបានតែមួយដង។
ឯកឧត្តមបានបញ្ជាក់ថា គ.ជ.ប បានទទួលគុណភាពទឹកខ្មៅពីក្រុមហ៊ុនរបស់ឥណ្ឌាចំនួន៤កម្រិត គឺកម្រិតទី១.កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត២០% ។ កម្រិតទី២.កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ១៨% ។ កម្រិតទី៣.កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត១៥% និងកម្រិតទី៤. កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត១០% ។ ដោយពិនិត្យទៅលើលក្ខខណ្ឌបច្ចេកទេស គឺកម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ២០% មានគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នឹងស្បែកដៃ ក្រចក និងគល់ត្រចក ព្រមទាំងកម្រិតជាតិស្ងួតលឿនក្នុងបរិយាកាស មិនអាចលាងសំអាតឱ្យបានស្អាតល្អភ្លាមៗ នោះទេ។ ទឹកខ្មៅនេះ មានគុណភាពប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅលុបមិនជ្រះដែលគ.ជ.ប បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក ដែលអាចបានទាំងគុណភាពប្រើប្រាស់ និងអាចធានាបានទាំងសុខភាពអ្នកប្រើប្រាស់។ ទឹកខ្មៅលុបលាងមមិនជ្រះនេះ គឺមានសុពលលភាព ៤ខែ គិតចាប់ពីថ្ងៃផលិត។
អ្នកនាំពាក្យ គ.ជ.ប បានបន្តថា ចំពោះការបញ្ជាទិញទឹកខ្មៅលុបលាងមិនជ្រះនេះ គឺគ.ជ.ប បញ្ជាទិញពីក្រុមហ៊ុនរបស់ឥណ្ឌាឈ្មោះ MYSORE PAINT & VARNISH LTD គឺមានចំនួន ៥២០០០ដប ដោយក្នុងមួយដបមានចំណុះ ៧.៧០មីលីលីត្រ ដោយក្នុងមួយដបថ្ងៃ១៨ដុល្លារ១៥សេន។ ទឹកខ្មៅលុបលាងមិនជ្រះនេះ បានដឹកនាំមកដល់កម្ពុជាហើយ និងបានរក្សាទុកនៅឃ្លាំងរបស់គ.ជ.ប និងទីតាំងដែលមានសុវត្ថិភាព។ នៅថ្ងៃទី១៣ ខែឧសភា ស្អែកនេះ គ.ជ.ប នឹងមានកម្មវិធីបង្ហាញអំពីការសាកល្បង និងគុណភាពនៃទឹកខ្មៅលុបលាងមិនជ្រះជូនដល់ភាគីពាក់ព័ន្ធ៕
ដោយ៖ពលជ័យ