ទំព័រដើមPolitico 360អនុរដ្ឋមន្ត្រីការបរទេសអាមេរិកកោតសរសើរកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំង និងគាំទ្រកម្ពុជាជាប្រធានអាស...

អនុរដ្ឋមន្ត្រីការបរទេសអាមេរិកកោតសរសើរកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំង និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន 

ភ្នំពេញ៖ លោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រី ការបរទេសសហរដ្ឋអាមេរិក បានគោរពកោតសរសើរកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានសម្តែងអំណរគុណចំពោះសកម្មភាពឈរលើគោលការណ៍របស់កម្ពុជា ក្នុងការគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន ដោយគិតគូរពីគោលការណ៍នៃការគោរពបូរណភាពទឹកដី និងការជៀសវាងការប្រើកម្លាំងប្រឆាំងនឹងរដ្ឋសមាជិកទាំងអស់ នៃអង្គការសហប្រជាជាតិ។

ការកោតសរសើរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅក្រសួងការបរទេសអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅអំឡុងពេល មុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានសម្តែងការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំនេះនិងបានថ្លែងអំណរគុណកម្ពុជាសម្រាប់ការគាំទ្រដល់ការសម្របសម្រួលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនាពេលខាងមុខ។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានបំពេញតួនាទីជាប្រេសិត ពិសេសនៃប្រធានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា និងបានជំរុញឱ្យមានការប្រាស្រ័យទាក់ទង ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោកជំទាវក៏បានលើកឡើងពីកង្វល់មួយចំនួនទាក់ទងនឹងការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម និងស្ថានភាព លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។

ចំណែកឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា ក្នុងរយៈពេលជាង៧០ឆ្នាំនៃទំនាក់ទំនង ទោះបីជាមានទស្សនៈខុសគ្នាខ្លះក៏ដោយ ក៏មានការខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ និងជាប់លាប់ក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ពាណិជ្ជកម្មគឺជាគំរូដ៏ល្អបំផុតនៃកិច្ចសហប្រតិបត្តិការដ៏ល្អដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ជាពិសេសកម្មករស្ត្រីដ៏ច្រើនលើសលុប នៅក្នុងវិស័យវាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរ។ វិស័យសំខាន់ៗផ្សេងទៀតរួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ការស្វែងរកអដ្ឋិធាតុទាហានអាមេរិក ការប្រឆាំងភេរវកម្ម ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរប្រតិបត្តិការរក្សាសន្តិភាពកិច្ចសហប្រតិបត្តិការវប្បធម៌ ជាពិសេសការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ជាដើម។

ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈបទពិសោធន៍ដ៏ឈឺចាប់ពីជម្លោះ និងអំពើប្រល័យពូជសាសន៍អស់រយៈកាល៣០ឆ្នាំកន្លងមក កម្ពុជាតែងតែប្រកាន់យកនូវវិធីសាស្រ្តប្រកប ដោយសង្គតិភាព ក្នុងការ ការពារសន្តិភាពនិងគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នៅក្នុងការអនុវត្ត នយោបាយការបរទេសរបស់ខ្លួន ជាពិសេសនៅក្នុងបរិបទនៃបញ្ហាមីយ៉ាន់ម៉ា និង ជម្លោះនៅអ៊ុយក្រែន។

ចំពោះ ការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាង សាជាថ្មី អំពីការប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះគោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែល ហាមឃាត់វត្តមានយោធាបរទេស។ កាយវិការដែលកម្ពុជាបានធ្វើឡើងក្នុងការអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចនានា ទៅកាន់មូលដ្ឋាននេះជាច្រើនលើកច្រើនសារ គឺជាកាយវិការដែលមិនធ្លាប់មានសម្រាប់ ប្រទេសនានាបើពិនិត្យមើលពីទិដ្ឋភាព ក្នុងវិស័យយោធា។

អំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានពន្យល់ថា ទោះបីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាមានភាពក្មេងខ្ចីក៏ប្រទេសកម្ពុជាបានរៀបចំ ការ បោះឆ្នោតយ៉ាងទៀងទាត់ចាប់ តាំងពីឆ្នាំ១៩៩៣ ហើយការបោះឆ្នោតទាំងនោះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ទទួលស្គាល់ថា មានភាពសេរី យុត្តិធម៌ តម្លាភាព សន្តិភាព និងសណ្តាប់ធ្នាប់ល្អ។លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតែងតែត្រូវបានរំលេច នៅក្នុងការបោះឆ្នោតទាំងនោះ ហើយការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនឹង ផ្តល់វេទិកាសម្រាប់គណបក្សចំនួន១៧ចូលរួមប្រកួតប្រជែង។ ស្ថាប័នសារព័ត៌មាន ក្នុងទម្រង់បោះពុម្ព និងឌីជីថល មានជាង២០០០ អង្គការក្រៅរដ្ឋាភិបាលជាង៦០០០ សហជីពជាង ៦០០០ មានន័យថា រោងចក្រខ្លះមានសហជីព៥ ក្នុងរោងចក្រតែមួយគឺជាតថភាព ជាក់ស្តែងនៃលំហសេរីភាព និងវប្បធម៌ប្រជាធិបតេយ្យរបស់កម្ពុជា។ យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា សិទ្ធិ និងសេរីភាព មិន មែនជាការគេចវេសពីកាតព្វកិច្ចគោរពច្បាប់នោះទេ៕ ដោយ៖ពលជ័យ

រូបភាព៖ក្រសួងការបរទេសកម្ពុជា

- Advertisement -spot_img
spot_img

ព័ត៌មានជាប់ទាក់ទង

- Advertisement -spot_img

អត្ថបទវិភាគ

ព័ត៌មានថ្មី

- Advertisement -spot_imgspot_img

ព័ត៌មានពេញនិយម