ទឹកខ្មៅលុបមិនជ្រះសម្រាប់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតត្រូវ​បាន​ គ.ជ.ប យកមកធ្វើតេស្តបង្ហាញពីគុណភាពដល់ភាគីពាក់ព័ន្ធ 

ភ្នំពេញ៖ ទឹកខ្មៅលុបមិនជ្រះដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បញ្ជាទិញពីប្រទេសឥណ្ឌាជាង ៥ម៉ឺនដបសម្រាប់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះត្រូវបានយកមកធ្វើតេស្តដើម្បីបង្ហាញអំពីគុណភាពនៃទឹកខ្មៅ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ នៅទីស្តីការ គ.ជ.ប។ ការធ្វើតេស្តទឹកខ្មៅលុបមិនជ្រះ គឺមានការចូលរួមពីតំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធផងដែរ។ 

ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជប បានបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះ ក្នុងគោលបំណងដើម្បីបង្ហាញជូនដល់ភាគីពាក់ព័ន្ធអំពីទឹកខ្មៅលុបមិនជ្រះ និងផ្តល់ការសាកល្បងគុណភាពលុបមិនជ្រះសម្រាប់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតជូនដល់ភាគីពាក់ព័ន្ធ។ ផ្អែកតាមបទបញ្ជានិងនីតិវិធីស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ទឹកខ្មៅលុបមិនជ្រះដែលអាចមើលឃើញច្បាស់ត្រូវបានដាក់បញ្ញត្តិឲ្យប្រើប្រាស់នៅក្នុងការបោះឆ្នោតសម្រាប់បង្ការការបោះឆ្នោតលើសពីមួយដង។ 

ឯកឧត្តមបានបញ្ជាក់ថា គ.ជ.ប បានទទួលគុណភាពទឹកខ្មៅពីក្រុមហ៊ុនរបស់ឥណ្ឌាចំនួន ៤កម្រិត គឺកម្រិតទី១. កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ២០% ។ កម្រិតទី២. កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ១៨% ។ កម្រិតទី៣. កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ១៥%  និងកម្រិតទី៤. កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ១០% ។ ដោយពិនិត្យទៅលើលក្ខខណ្ឌបច្ចេកទេស គឺកម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ២០% មានគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នឹងស្បែកដៃ ក្រចក និងគល់ត្រចកព្រមទាំងកម្រិតជាតិស្ងួតលឿនក្នុងបរិយាកាស មិនអាចលាងសំអាតឲ្យបានស្អាតល្អភ្លាមៗ នោះទេ។ ទឹកខ្មៅនេះ មានគុណភាពប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅលុបមិនជ្រះដែលគ.ជ.ប បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក ដែលអាចបានទាំងគុណភាពប្រើប្រាស់ និងអាចធានាបានទាំងសុខភាពអ្នកប្រើប្រាស់។ ហើយទឹកខ្មៅលុបលាងមមិនជ្រះនេះ គឺមានសុពលលភាព ៤ខែគិតចាប់ពីថ្ងៃផលិត។ 

គួរបញ្ជាក់ថា គ.ជ.ប បញ្ជាទិញពីក្រុមហ៊ុនរបស់ឥណ្ឌាឈ្មោះ MYSORE PAINT & VARNISH LTD គឺមានចំនួន ៥២០០០ដបដោយក្នុងមួយដបមានចំណុះ ៧.៧០មីលីលីត្រ ដោយក្នុងមួយដបថ្ងៃ ១៨ដុល្លារ១៥សេន ។ ទឹកខ្មៅលុបលាងមិនជ្រះនេះ បានដឹកនាំមកដល់កម្ពុជាហើយនិងបានរក្សាទុកនៅឃ្លាំងរបស់គ.ជ.ប និងទីតាំងដែលមានសុវត្ថិភាព៕ 

ដោយ៖ពលជ័យ

រូបភាព៖ពលជ័យ

ads banner