ក្រុមយុវជន ស ស យ ក បញ្ជាក់ថា ការចូលរួមជាក្រុមការងារ Kara គឺជាចំណែកមួយជួយផ្សព្វផ្សាយ កីឡាយានយន្ត និងសក្តានុពលទេសចរ ដ៏សម្បូរបែប នៅកម្ពុជា

កីឡាយានយន្ត-ព្រឹត្តការណ៍ប្រកួតរថយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid Practise 2022 រយៈពេល២ថ្ងៃ ពីរាជធានីភ្នំពេញ និងខេត្តកំពត បានបញ្ចប់ដោយជោគជ័យ ដោយអត្តពលិកជាតិ និងអន្តរជាតិ កោតសរសើរពីការរៀបចំរបស់ក្រុមការងារ Kara កម្ពុជា ជាមួយនឹងទឹកមុខសប្បាយរីករាយ ។

ថ្លែងក្នុងពិធីបិទ លោក សុំ មនោរម្យ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារ Kara កម្ពុជា ជាពិសេស លោក ហូ សិទ្ធីគុណ ជាស្ថាបនិក Kara ដែលបានផ្តួចផ្តើម គៀងគរស្វែងរកដៃគូឯកជនសហការរៀបចំព្រឹត្តការណ៍ប្រកួតខាងលើ ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាយានយន្ត នៅកម្ពុជា ហើយក៏ជាការផ្តល់ឱកាសឲ្យកីឡាករជំនាញប្រកួតកម្តៅសាច់ដុំ និងអ្នកថ្មីចេះមើលសៀវភៅបង្ហាញផ្លូវ និង Rally Meters ជាពិសេសឲ្យយុវជនបានរៀនពីការរៀបចំកម្មវិធីប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គកម្រិតជាតិ នឹងឈានទៅរៀបចំកម្រិតអន្តរជាតិផងដែរ ។

តំណាងក្រសួងបរិស្ថានរូបនេះ បន្តថា ព្រឹត្តការណ៍នេះ ក៏បានផ្សព្វផ្សាយតំបន់ទេសចរណ៍ផ្សេងៗ នៅតាមខេត្ត ក៏ដូចជានៅតាមតំបន់អភិរក្សធនធានធម្មជាតិដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ធម្មជាតិ ដែលជាទេសចរណ៍ផ្សារភ្ជាប់ទឹកដី ក្នុងគោលបំណងទាក់ទាញភ្ញៀវជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិឲ្យទៅលេងកម្សាន្ត តំបន់អេកូទេសចរ និងតំបន់អភិរក្សធនធានធម្មជាតិដ៏សម្បូរបែប និងមានសក្តានុពល លើទឹកដីប៉ែកនិរតី នៃប្រទេសកម្ពុជា ស្របពេលដែលវិបត្តិជំងឺកូវីត-១៩ ធូរស្បើយ ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា បូករួមនឹងការលើកលែងវិធានសុវត្តិភាពផ្សេងៗ ដល់ភ្ញៀវអន្តរជាតិដែលមកទេសចរ នៅកម្ពុជា ។

លោក សុំ មនោរម្យ ក៏បានថ្លែងអំណរគុណដល់យុវជន សសយក រាជធានីភ្នំពេញ ដែលបានចូលរួមជួយសម្របសម្រួលរៀបចំការប្រកួតនេះ និងវិស័យឯកជនដែលតែងតែគាំទ្រឧបត្តម្ភ អោយព្រឹត្តការណ៍ដំណើរការទៅទទួលបានជោគជ័យគួរជាទិមោទន ។ ដោយឡែកតំណាងយុវជនសសយក រាជធានីភ្នំពេញ បានអោយដឹងថា ការចូលរួមជាក្រុមការងារ Kara គឺជាចំណែកមួយជួយផ្សព្វផ្សាយកីឡាយានយន្ត និងសក្តានុពលទេសចរ ដ៏សម្បូរបែបរបស់កម្ពុជា និងជាបទពិសោធន៍ថ្មីមួយ ផងដែរ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ឬ KHMER RALLY RAID PRACTICE ឆ្នាំ២០២២ រៀបចំដោយភ្នាក់ងារ kara កម្ពុជា គាំទ្រដោយក្រសួងបរិស្ថាន សហពភាពសហព័ន្ធយុវជនកម្ពុជា និងសហព័ន្ធកីឡាយានយន្តកម្ពុជា ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner