ឯកឧត្តមបណ្ឌិត កៅ ថាច៖ បុគ្គលិកធនាគារ ARDB ទាំងអស់ត្រូវតែមានចក្ខុវិស័យ ចូលរួម ក្នុងការអភិវឌ្ឍសង្គម
ភ្នំពេញ៖ ធនាគារ ARDB បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពី ការប្រើប្រាស់ សេវាកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់កៀរគរ និងទទួលវិភាគទាន សប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាង មូលនិធិគន្ធបុប្ផាកម្ពុជា និង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខា ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធាន លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា។
ក្នុងឱកាសនៃពិធីចុះអនុស្សរណៈយោគយល់គ្នានេះឯកឧត្តមបណ្ឌិតប្រតិភូ បានមានប្រសាសន៍ថា ការចូលរួមក្នុងមូលនិធិគន្ធបុប្ផានេះ គឺស្របតាមចក្ខុវិស័យ និងបេសកកម្មក្នុងការអភិវឌ្ឍសង្គម។ ជាពិសេស ធនាគារ ARDB ជាធនាគាររដ្ឋ ហើយផ្តោតលើការអភិវឌ្ឍសង្គម ដោយផ្តល់ឥណទាន ទៅក្នុងវិស័យកសិកម្មក្នុងអត្រាការប្រាក់ទាប ដែលមិនផ្តោតលើប្រាក់ចំណេញ។ ជាងនេះទៅទៀត បុគ្គលិកធនាគារARDBទាំងអស់ត្រូវតែមានចក្ខុវិស័យចូលរួមក្នុងការអភិវឌ្ឍសង្គមដោយមិនត្រូវគិតតែផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ជាក់ស្តែង បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃធនាគារ ARDB បានចូលរួមបដិភាគថវិកាផ្ទាល់ខ្លួន ក្នុងមូលនិធិគន្ធបុប្ផា តាមរយៈធនាគារ ARDB។
អនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើង ដើម្បីបញ្ជាក់ពីឆន្ទៈនៃ ភាគីទាំងពីរ ក្នុងការសហការ ដើម្បី ពង្រឹង និងពង្រីកលទ្ធភាពនៃការប្រមូលវិភាគទានសប្បុរសធម៌ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា សំដៅរួមចំណែកធានានិរន្តរភាពនៃការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយមា នប្រសិទ្ធភាព និងមិនគិតថ្លៃដល់កុមារកម្ពុជា៕ដោយ៖ ង៉ាន ទិត្យ





