បុរសម្នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅតុលាការ ពាក់ព័ន្ធនឹងបទល្មើស (រំលោភលើទំនុកចិត្ត)
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួនបុរសម្នាក់ ជាអ្នកលក់គុយទាវ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាមផ្លូវច្បាប់ ដោយជាប់ពាក់ព័ន្ធនឹងករណី (រំលោភលើទំនុកចិត្ត) នៅទឹកប្រាក់ប្រមាណជិត ១០ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៩។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ សួ ឈុនឡេង ភេទប្រុស អាយុ ៣១ឆ្នាំ មានមុខរបរ ជាអ្នកលក់គុយទាវ និងមានទីលំនៅផ្ទះលេខ ៣៣៧ ផ្លូវលំ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ (រំលោភលើទំនុកចិត្ត) តាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តព្រះសីហនុ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក សឿង ចរិយា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ កំពុងត្រូវបានសាកសួរចម្លើយនៅឯអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅឡើយ៕ ដោយ ៖ ឆៃហួត