សមាគម សហពន្ធ័ធុរកិច្ចទីផ្សារបណ្តាញកម្ពុជា សំណូមពរ ដល់ក្រុមហ៊ុន ត្រូវគោរពច្បាប់និងផ្តល់ទំនុកចិត្តដល់អតិថិជន
ភ្នំពេញ ៖ ជាមួយការពង្រឹងការអនុវត្តច្បាប់ ហើយពិសេសជាងនេះការផ្តល់ទំនុកចិត្តដល់អតិថិជន អ្នកប្រើប្រាស់នោះ ប្រធានសមាគមសហព័ន្ធវិនិយោគគិនកម្ពុជា និងជាប្រធានសមាគម សហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជាបានអំពាវនាវដល់សមាជិក និងក្រុមហ៊ុន ដែលធ្វើអាជីវកម្មផ្នែកទីផ្សារបណ្ដាញ ត្រូវតែគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ឱ្យបានត្រឹមត្រូវបើពុំនោះនឹងប្រឈមផ្លូវច្បាប់ពុំខាន។
គួរបញ្ជាក់ថា ការលើកឡើងបែបនេះធ្វើឡើងដោយ លោក ឡី សុ ភាព ប្រធានសមាគមសហព័ន្ធវិនិយោគគិនកម្ពុជា និងជាប្រធានសមាគម សហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជាក្នុងពិធីលើកទឹកចិត្តនិង ពិធីប្រគល់ពានរង្វាន់បុគ្គលដែលមានស្នាដៃឆ្នើមនៃសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា នាថ្ងៃទី ១៦ខែឧសភា នៅភោជនីយដ្ឋាន Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លើកឡើងក្នុងពិធីនេះលោក ឡី សុភាព បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលមកដល់អ្នកធ្វើអាជីវកម្មទីផ្សារបណ្ដាញ តាមរយៈការអនុម័តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិក និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ សម្រាប់គាំទ្រដល់ធុរកិច្ចទីផ្សារបណ្ដាញនៅកម្ពុជា លើកស្ទួយនិងការពារអ្នកប្រកបអាជីវកម្មស្របច្បាប់ ទប់ស្កាត់អ្នកធ្វើអាជីវកម្មល្មើសច្បាប់ជាដើម។
ជាមួយគ្នានោះ លោក ឡី សុភាព បានដាក់ទិសដៅនិងអំពាវនាវដល់ក្រុមហ៊ុនដែលធ្វើអាជីវកម្មផ្នែកទីផ្សារបណ្ដាញ ត្រូវតែគោរពច្បាប់និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រកម្ពុជា។
ប្រសិនបើគ្មានការគោរពច្បាប់ ឬមានផលិតផលចរាចរណ៍ដោយមិនស្របច្បាប់ សមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជានឹងសហការជាមួយដែនដី កម្លាំងមានសមត្ថកិច្ចចុះបង្ក្រាបក្រុមហ៊ុនណាដែលល្មើសនឹងច្បាប់ទាំងនោះ ដោយលោកអះអាងថាប្រសិនបើមានក្រុមហ៊ុនល្មើសច្បាស់ទាំងនោះ អាចនឹងប៉ះពាល់ដល់ក្រុមហ៊ុនដែលប្រកបអាជីវកម្មស្របច្បាប់ត្រឹមត្រូវ ដូចជា ការប្រកួតប្រជែង តម្លៃខុសគ្នា និងអាចប៉ះពាល់ដល់សុខមាលភាពប្រជាជនផងដែរ។
ទន្ទឹមជាមួយគ្នានេះ លោកបានធ្វើការណែនាំដល់អ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញត្រូវតែយល់ដឹងស៊ីជម្រៅអំពីអាជីវកម្មដែលមានការទទួលស្គាល់ច្បាស់លាស់ ដើម្បីប្រកបការងារ-មុខរបរបានស្របច្បាប់ និងដើម្បីទាក់ទាញឱ្យប្រជាជនចូលរួមប្រកបមុខរបរជាមួយខ្លួនប្រកបដោយទំនុកចិត្ត និងស្មើមុខស្មើមាត់នៅគ្រប់មូលដ្ឋានទាំងអស់។
លោកប្រធាន ឡី សុភាព បានផ្តាំផ្ញើរដល់ក្រុមហ៊ុននីមួយៗត្រូវដាក់គោលនយោបាយលក់ចេញ-ទិញចូលឱ្យបានច្បាស់លាស់ ដើម្បីតាមដានពីវឌ្ឍនភាពការងារ មុខរបរ អាជីវកម្មរបស់ខ្លួន។ ការធ្វើបានដូច្នេះនឹងធ្វើឱ្យអតិថិជនមានការគាំទ្រកាន់តែច្រើន និងកាន់តែរឹងមាំបន្ថែមទៀត៕ ដោយ៖ ម៉ាដេប៉ូ