ឯកអគ្គរដ្ឋទូតរុស្ស៊ី កោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយជោគជ័យ
ភ្នំពេញ៖ ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជាបានធ្វើការកោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយជោគជ័យ រហូតមានការបើកសេដ្ឋកិច្ច-សង្គមទ្បើងវិញលើគ្រប់វិស័យ និងបានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-រុស្សី ដែលបានអនុវត្តកន្លងមក។

ការកោតសរសើរនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅទីបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ កាលពីនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។
ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីក៏បានសម្តែងនូវឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក រវាងកងទ័ពជើងគោក ឱ្យកាន់តែសកម្ម និងរឹងមាំ។ ជាការឆ្លើយតប ឯកឧត្តម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងលើកឡើងអំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសសកម្មភាពរួមគ្នាជាច្រើនក្នុងកម្រិតកងទ័ពជើងគោក ដូចជា ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ជាដើម៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត


