វិស័យទេសចរណ៍កម្ពុជា ត្រូវបានព្យាករណ៍ថា នឹងមានកំណើន ១៦ភាគរយក្នុងឆ្នាំ២០២២
ភ្នំពេញ៖ តាមរយៈកិច្ចអន្តរាគមន៍ដ៏សកម្មរបស់រាជរដ្ឋាភិបាល វិស័យទេសចរណ៍កម្ពុជា ត្រូវបាន ព្យាករណ៍ថា នឹងមានកំណើនប្រមាណ១៦% ក្នុងឆ្នាំ២០២២ និង២៣% ក្នុងឆ្នាំ២០២៣។ទន្ទឹមគ្នា នេះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសបានដាក់ ដំណើរការជា ផ្លូវការ «គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍» ក្នុងកញ្ចប់ថវិកាចំនួន១៥០លាន ដុល្លារ ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs)។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ថ្លែងថា ក្រសួងទេសចរណ៍ជឿជាក់ថា ការដាក់អនុវត្ត គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍ចំនួន១៥០លានដុល្លារនេះ មិនត្រឹមតែអាចចូលរួមស្ដារឡើងវិញនៅអាជីវកម្មខ្នាតតូច និងមធ្យម ដែលកំពុងមានកង្វះខាត ហិរញ្ញប្បទាន ការជួសជុលទីតាំង ឬគុណភាពសេវាកម្ម អាចជួយដល់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យមថ្មី ក្នុងវិស័យទេសចរណ៍ យ៉ាងមានប្រសិទ្ធភាពផងដែរ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា ការងើបឡើង នៃ វិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចទាំងមូល គឺជាលទ្ធផលនៃការដឹកនាំប្រកប ដោយយុទ្ធសាស្ត្រ ច្បាស់លាស់ និងចក្ខុវិស័យ វែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធនឹង ជំងឺ កូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំង, ការដាក់ចេញនូវវិធានការសុខាភិបាល និងរដ្ឋបាលព្រមទាំងវិធានការ អន្តរាគមន៍ ទាន់ពេល និងប្រកបដោយប្រសិទ្ធភាព ដែលអនុញ្ញាតឲ្យ មាន ការបើកដំណើរការទាំងស្រុងឡើងវិញ នូវសកម្មភាពសង្គម-សេដ្ឋកិច្ច កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន»។
លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ថា ទោះបីជាវិស័យទេស ចរណ៍ បានបង្ហាញនូវសញ្ញានៃការងើបឡើងវិញគួរឲ្យកត់សម្គាល់ក្តី សហគ្រាសនៅក្នុងវិស័យនេះ នៅ បន្តជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដូចជា ការខ្វះសមត្ថភាពចាប់យកម៉ូដែលអាជីវកម្ម (business model) បែបឌីជីថល, ការស្ថិតនៅក្រៅប្រព័ន្ធរបស់សហគ្រាសភាគច្រើន, ការខ្វះ ជំនាញបដិសណ្ឋារកិច្ចច្បាស់លាស់, ការខ្វះទុន រួមទាំងទុនបង្វិល និងទុនវិនិយោគ សម្រាប់ រក្សាលំនឹង, កែលម្អ និងពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាល ការ ស្វែងរកនូវដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងនេះ គឺជាកត្តាចាំបាច់ ដើម្បីគាំទ្រដល់វិស័យ ទេសចរណ៍ កម្ពុជា ក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួល នៃបរិយាកាសប្រកួតប្រជែងសកល ជាពិសេសដើម្បីគាំទ្រដល់សហគ្រាសនៅក្នុងវិស័យទេសចរណ៍ ក្នុងការទាញយកផលប្រយោជន៍ ជាអតិបរមាពីកាលានុវត្តភាពនានា ក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕ ប្រភព៖ កម្ពុជាថ្មី