ប្រជាពលរដ្ឋខ្វះខាតជិត ៤០០គ្រួសារ នៅស្រុកចំនួន០២ ក្នុងខេត្តមណ្ឌលគិរី ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ខេត្តមណ្ឌលគិរី៖ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និងលោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ជូនដល់ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ ជនទីទ័លក្រចំនួន ៣៧០គ្រួសារ នៅស្រុកចំនួន០២ គឺស្រុកកោះញែក និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ពីក្តីអាណិតស្រឡាញ់ និងនឹករលឹកជាទីបំផុត។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ទោះជាមានការមមាញឹកយ៉ាងណា លោកនៅតែបន្តដឹកនាំ និងចង្អុលបង្ហាញឲ្យក្រុមការងារចុះធ្វើសកម្មភាពមនុស្សធម៌ជាប្រចាំដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។

ឯកឧត្តម ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ជាមួយគ្នានេះ សូមប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឲ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិតរបស់យើងបាន ហើយបានធ្វើឲ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងអាចស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកចំនួន០២ គឺស្រុកកោះញែក ចំនួន ១៩៥គ្រួសារ និងស្រុកពេជ្រាដាចំនួន ១៧៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ, ជែលលាងដៃ១ដប, ឃីត ១កញ្ចប់។ ដោយឡែកចំពោះមនុស្សចាស់ឥតទីពឹង ស្ត្រីមេម៉ាយ និងជនមានពិការភាព ទទួលបានថវិកាបន្ថែមមួយចំនួនផងដែរ៕ដោយ៖ ពលៈ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner