សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាច្រើនពាន់នាក់ដង្ហែក្បួនឃោសនាបោះឆ្នោត នៅខណ្ឌច្បារអំពៅ
ភ្នំពេញ៖ លោក ចេង មុនីរ៉ា អនុគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ នៅ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ជាច្រើនពាន់នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងខណ្ឌច្បារអំពៅ ។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភានេះ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា មានគណបក្សចំនួន១៧ ដែលស្នើសុំធ្វើ សកម្មភាពឃោសនាបោះឆ្នោតនៅតាមមូលដ្ឋាន ហើយគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ក៏បានសហការជាមួយអាជ្ញាធរ រៀបចំតម្រាយផ្លូវ និងបែងចែកពេលវេលា ដើម្បីចៀសវាងបញ្ហា ប៉ះគ្នាជាដើម។
គ.ជ.ប បានបញ្ជាក់ថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានបំណងឲ្យគណបក្ស នយោបាយដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោ បាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ដល់អ្នកបោះឆ្នោត៕







