ឯកឧត្តម សុខ ឥសាន៖ គណបក្សប្រជាជនកម្ពុជា កំណត់គោលនយោបាយ អភិវឌ្ឍន៍ឃុំ-សង្កាត់ ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ

ព្រៃវែង ៖ ឯកឧត្តម សុខ ឥសាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានដាក់ចេញទិសដៅ គោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ ជាឃុំ-សង្កាត់ ដែលមានការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពប្រជាជន តាមរយៈការបង្កើនការងារ, ការពង្រីកមុខរបរ ការអភិវឌ្ឍវិស័យកសិកម្ម និងផលិតកម្មផ្សេងៗទៀត, ការពង្រីកទីផ្សារសម្រាប់ផលិតកសិកម្ម និងសិប្បកម្ម, ការផ្តល់ប្រាក់កម្ចីមានអត្រាការប្រាក់ទាប សមរម្យសម្រាប់បង្កើត និងពង្រីកមុខរបរ, ការរក្សាស្ថិរភាពថ្លៃ ស្បៀងអាហារ និងថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ, ការធ្វើអន្តរាគមន៍ពីរដ្ឋ លើថ្លៃលក់កសិផលរបស់ប្រជាពលរដ្ឋ ដោយរក្សាបានសេដ្ឋកិច្ចទីផ្សារ និងសន្តិសុខសង្គម។

ការថ្លែងរបស់ ឯកឧត្តម សុខ ឥសាន បែបនេះក្នុងឱកាសអញ្ជើញរួមគ្នា ជាមួយឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកព្រះស្តេច បើកយុទ្ធនាការឃោសនា រកសំឡេងឆ្នោតថ្ងៃដំបូង នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺអាជីវករលក់ដូរតាមផ្សាររដ្ឋ និងតាមទីតាំងផ្សាររដ្ឋ មានសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើតូប រាន ស្តង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះ ជូនកូនចៅ ឬអ្នកដទៃ។

ជាមួយគ្នានោះ ឯកឧត្តមប្រធានក្រុមការងារ បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ធានាបន្តការអភិវឌ្ឍឃុំ សង្កាត់ ឱ្យបានសម្រេច ជោគជ័យ ជាឃុំ សង្កាត់ ដែលធានាការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាជន តាមគន្លងនីតិរដ្ឋ ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន និងធ្វើឱ្យប្រជាជនបានរស់នៅ ដោយសុខដុមរមនា ក្រោមម្លប់នៃសន្តិភាព និងជាឃុំ សង្កាត់ដែលមានសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមកាន់តែល្អប្រសើរ។

គណបក្សប្រជាជនកម្ពុជា នឹងធានាថា ជាឃុំ សង្កាត់ មានធានាការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត ប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាល ប្រកបដោយភាពងាយស្រួល សាមញ្ញ និងឆាប់រហ័ស តាមរយៈការរៀបចំយន្តការ ច្រកចេញចូលតែមួយ។ ការចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។

ឯកឧត្តម ហ៊ឺ បាវី បានអះអាងដែរថា គណបក្សប្រជាជនកម្ពុជា នឹងបន្តធ្វើឲ្យឃុំ សង្កាត់ ជាឃុំ សង្កាត់ ដែលមានស្វ័យភាព សិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់ ដើម្បីធានាការអភិវឌ្ឍមូលដ្ឋាន និងការការពារផលប្រយោជន៍របស់ប្រជាជន។

ឯកឧត្តម ក៏បានរំលឹកដល់សមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមនិតិវិធី និងបទបញ្ជារបស់ គ . ជ .ប ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ណេះផងដែរ ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសម្លេងឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ ត្រូវធ្វើឡើងរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៧គណបក្ស រួមមាន១៦៥២ឃុំ សង្កាត់៕ ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner