លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅខេត្តស្វាយរៀង

ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៃខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ។

ព្រឹកនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមការងារក៏បានអញ្ជើញ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិកានៅតាមបណ្តា ឃុំ សង្កាត់ ។ចំណែកឯរសៀលនេះ នឹងបន្តចុះជួបសំណេះសំណាលបន្ថែមទៀត ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសចេញពីរបប ប៉ុល ពត នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដោយបានស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋរួចផុតពីការកាប់សម្លាប់ បានបន្តដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ តាមរយៈ ការស្រោចវ៉ាក់សាំង តាមអភិក្រម ផ្ការីក ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីបន្តជម្រុញល្បឿននៃការកសាង អភិវឌ្ឍន៍ប្រទេសប្រកបដោយនិរន្តរភាព ដើមី្បថែរក្សា ការពារនូវរាល់សមទ្ធិផលនៃសង្គមជាតិឲ្យបានគង់វង្សបន្ថែមទៀត ។

លោកជំទាវម៉ែន សំអនបានថ្លែងអំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជន និងប្រជាពលរដ្ឋខេត្តស្វាយរៀង ដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឪ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថានៅខេត្តស្វាយរៀងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥មានចំនួន ៩ គណបក្សរួមមាន៖ទី១.គណបក្សប្រជាជនកម្ពុជា ទី២.គណបក្សភ្លើងទៀន ទី៣.គណបក្សហ៊្វុនស៊ិនប៉ិច ទី៤.គណបក្សខ្មែររួបរួមជាតិ ទី៥.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទី៦.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទី៧.គណបក្សយុវជនកម្ពុជា ទី៨.គណបក្សកម្ពុជានិយម ទី៩.គណបក្សសញ្ជាតិកម្ពុជា។

ក្នុងនោះគណបក្សដែលបានឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ មានបេក្ខជនឈរឈ្មោះច្រើនជាងគេក្នុងឃុំសង្កាត់ទាំង៨០ ឃុំ/សង្កាត់គឺគណបក្សប្រជាជនកម្ពុជាបានឈរឈ្មោះបេក្ខជន ៨០ ឃុំសង្កាត់, គណបក្សភ្លើងទៀនមានបេក្ខជនឈឈ្មោះ ៧៩ ឃុំ/សង្កាត់។

បើយោងតាមគ.ជ.ប.បានឲ្យដឹងថាយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងទៀតថា មានគណបក្សចំនួន១៧ ដែលស្នើសុំធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅតាមមូលដ្ឋាន ហើយគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ក៏បានសហការជាមួយអាជ្ញាធរ រៀបចំតម្រាយផ្លូវ និងបែងចែកពេលវេលា ដើម្បីចៀសវាងបញ្ហាប៉ះគ្នាជាដើម។

គ.ជ.ប បានបញ្ជាក់ថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានបំណងឲ្យគណបក្សនយោបាយដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍឃុំសង្កាត់ដល់អ្នកបោះឆ្នោត ៕ ដោយ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner