គណបក្សប្រជាជនជនកម្ពុជាខណ្ឌព្រែកព្នៅ ចេញយុទ្ធនាការរកសំឡេងឆ្នោតនៅថ្ងៃដំបូង
ភ្នំពេញ៖នៅព្រឹកថ្ងៃ២១ ឧសភា ឆ្នាំ ២០២២នេះ ឯកឧត្តមឃួង ស្រេង សមាជិកគណកម្មាធិការកណ្តាល ប្រធានគណកម្មាធិការគណបក្សប្រជាជនជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បានដឹកនាំការឃោសនារកសំឡេង ឆ្នោតនៅខណ្ឌព្រែកព្នៅ ដោយមានសមាជិក សមាជិកា និងអ្នកចូលរួមគាំទ្រយ៉ាងច្រើនកុះករ។ការជួបជុំគ្នានៅដីទំនេរមួយកន្លែងក្បែរទីស្នាក់ការ គណបក្សប្រជាជនជនកម្ពុជា ខណ្ឌព្រែកព្នៅ ផ្លូវជាតិលេខ៥ ខណ្ឌព្រែកព្នៅ រួចបន្តក្បួនឃោសនា ក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅទាំងមូល។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅថ្ងៃសៅរ៍ទី២១ ឧសភានេះ ជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ យើងបានមកជួបជុំគ្នានៅខណ្ឌព្រែកព្នៅនេះ ដើម្បីបើកយុទ្ធនាការបោះឆ្នោត ហើយសម្រាប់ខណ្ឌ១៣ផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ ក៏បានជួបជុំឃោសនារកសម្លេងឆ្នោតដូចគ្នាផងដែរ ជាមួយនឹង មានអ្នកចូលរួមឃោសនាយ៉ាងច្រើនលើសលប់ ព្រោះតែពួកគាត់បានមើលឃើញពីគោលនយោបាយអភិវឌ្ឍប្រទេសដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជាដែលមិនអាចខ្វះបាន។
ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ បានអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ អាជ្ញាធរសង្កាត់ ដែលកន្លងមកនេះបានលះបងកម្លាំងកាយចិត្ត ដើម្បីបំរើប្រជាពលរដ្ឋ ទាំងការអភិវឌ្ឍមូលដ្ឋានឪ្យរីកចំរើន និងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អ ពិសេសនៅក្នុងឆ្នាំ២០១៧រហូតមកដល់ឆ្នាំ២០២២នេះ៕ ដោយ៖ ហេង សម្បត្តិ

























