ថ្ងៃបើកឆាកដំបូង នៃយុទ្ធនាការឃោសនា៖ ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គំរាមកំហែង និងការញុះញង់នោះទេ 

ភ្នំពេញ៖ នៅថ្ងៃបើកឆាកដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី២១ ខែឧសភានេះ គឺការឃោសនារបស់គណបក្សនយោបាយទាំង១៧ នៅទូទាំងប្រទេស គឺបានប្រព្រឹត្តទៅដោយរលូនមិនមានបញ្ហាអ្វីកើតឡើងនោះទេ ដែលនេះបង្ហាញពីភាពចាស់ទុំរបស់គណបក្សនយោបាយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី២១ ខែឧសភាឆ្នាំ២០២២។

អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍បញ្ជាក់ថា ការឃោសនា ចែកខិត្តប័ណ្ណ ការជួបជុំរបស់គណបក្សនយោបាយ គឺប្រព្រឹត្តទៅដោយមិនមាបញ្ហាអ្វីកើតឡើងនោះទេ។ ការឃោសនាតាមរូបភាពដង្ហែជាក្បួនក៏មិនមានបញ្ហាអ្វីកើតឡើងដែរ ដែលនេះបញ្ជាក់អំពីភាពចាស់ទុំរបស់គណបក្សនយោបាយ។ ខាងមន្ត្រីរៀបចំការបោះឆ្នោតក៏មានការប្រុងប្រយ័ត្ននៅពេលដែលការហែរក្បួនប៉ះមុខគ្នានៅក្នុងខណ្ឌ ឬក៏សង្កាត់ខ្លះ ប៉ុន្តែក្នុងស្ថានភាពបែបនេះ ក៏មិនឃើញមានអ្វីកើតឡើងរវាងគណបក្សនយោបាយដែលមាននិន្នាការខុសគ្នានោះទេ។ អាចសន្និដ្ឋានថា ថ្ងៃទី១ នៃការឃោសនា គឺការឃោសនាបានប្រព្រឹត្តទៅដោយរលូន មិនមានអំពើហិង្សា មិនមានការគំរាមកំហែង ញុះញង់ និងមិនមានការបង្ខំទិញសន្លឹកឆ្នោតនោះទេ។

ឯកឧត្តម ហង្ស ពុទ្ធា បានអះអាងថា ចំពោះសណ្តាប់ធ្នាប់ទូទៅមានភាពល្អប្រសើរ មិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសង្ឃឹមថា នៅថ្ងៃឃោសនាជាបន្តបន្ទាប់នឹងមានភាពល្អប្រសើរដូចនេះទៀត។ ហើយនៅថ្ងៃដំបូងនៃការឃោសនា គឺមិនមានបណ្តឹងពាក់ព័ន្ធនឹងការឃោសនានោះទេ។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ បានចាប់ផ្តើមហើយនៅថ្ងៃទី២១ ខែឧសភា នេះ ។ យុទ្ធនាការឃោសនានេះ គឺមានរយៈពេល១៤ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២២។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ត្រូវចាប់ផ្តើមពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ១០:០០យប់និងត្រូវឈប់សម្រាកនៅចន្លោះពីម៉ោង ១០:០០យប់ ដល់ម៉ោង ៦:០០ព្រឹក។ នៅក្នុងការបោះឆ្នោតឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ណាអត្តិទី៥ ឆ្នាំ២០២២ នេះ គឺមានគណបក្សនយោបាយចំនួន ១៧ បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ 

ផ្អែកតាមរបាយការណ៍ផ្លូវការនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតដែលទទួលបានពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គណបក្សនយោបាយ ចំនួន ១៧ និងមានបេក្ខជនសរុបចំនួន ៨៦.០៩២ នាក់ ក្នុងនោះស្រ្តីមានចំនួន២៧.៨១៣ នាក់ ត្រូវបានចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ គណបក្សនយោបាយទាំង ១៧ មានដូចជា៖ ១. គណបក្សប្រជាជនកម្ពុជា ២. គណបក្សខ្មែររួបរួមជាតិ ៣.គណបក្សហ៊្វុនស៊ិនប៉ិច ៤.គណបក្សភ្លើងទៀន ៥.គណបក្សខ្មែរស្រឡាញ់ជាតិ ៦.គណបក្សសញ្ជាតិកម្ពុជា ៧.គណបក្សយុវជនកម្ពុជា ៨.គណបក្សកែទម្រង់កម្ពុជា៩.គណបក្សឆន្ទៈខ្មែរ ១០.គណបក្សកម្ពុជានិយម ១១.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ១២.គណបក្សខ្មែរតែមួយ ១៣.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ១៤. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៥. គណបក្សឯកភាពជាតិខ្មែរ ១៦. គណបក្សរស្មីខេមរា និងទី១៧. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕ 

ដោយ៖ពលជ័យ

ads banner