សម្តេច នាយករដ្ឋមន្រ្តីស្តីទី បានចាត់ទុកថាជោគជ័យនិងស្នាដៃដែលកម្ពុជាសម្រេចបានមកនេះគឺមិនអាចកាត់ផ្តាច់បានពីការចូលរូមចំណែករបស់សាសនិកឥស្លាមកម្ពុជានោះឡើយ
ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសាសនិកឥស្លាមចំនួន៦០០នាក់ អញ្ជើញមកពីបណ្ដាស្រុក ក្រុង ក្នុងខេត្តបាត់ដំបង។
លោក ទីន សារ៉ាវុធ ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង បានធ្វើបាយការណ៍ជូនសម្ដេច និងអង្គពិធីថា នៅក្នុងខេត្តបាត់ដំបង មានប្រជាពលរដ្ឋជាសាសនិកឥស្លាមចំនួន ៤០៨១គ្រួសារ ស្មើជាង ២ម៉ឺន៤០០នាក់ ក្នុងនោះស្រ្តីជាង ១ម៉ឺន៤០០នាក់ និងអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតមានជាង ១ម៉ឺន៧ពាន់នាក់។ ដោយខេត្ត មានព្រះវិហារថ្វាយបង្គំចំនួន ៣៦កន្លែង សាលារៀនសាសនា ២៤ខ្នងស្មើ ៨២បន្ទប់ និងគ្រូបង្រៀនខ្មែរឥស្លាមក្របខណ្ឌរដ្ឋចំនួន ៦០នាក់។
លោកបន្តថា ៦អាណត្តិនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និង ៤អាណត្តិនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ នៅគ្រប់ភូមិ និងការិយាល័យបោះឆ្នោតដែលមានសាសនិកឥស្លាម គឺលទ្ធផលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បានកើនឡើងជារៀងរាល់អាណត្តិ ហើយកត្តាចំបងដែលនាំឱ្យមានការគាំទ្រ គឺដោយសារគុណូប្បការៈនៃការរំដោះប្រទេសជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម គ្មានការរើសអើង គ្មានជម្លោះសាសនា ការផ្ដល់សិទ្ធិស្មើភាពក្នុងសង្គម និងធ្វើឱ្យមានសុខដុមនីយកម្មក្នុងសង្គម ។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជាថ្មី អំពីគុណតម្លៃនៃសន្តិភាពដែលយើងទាំងអស់គ្នាប្រើពាក្យថា«អរគុណសន្តិភាព!»ដោយសម្ដេចបានអះអាងថា សន្តិភាពដែលកម្ពុជាដណ្ដើមបានមកនេះ គឺបានមកពីការធ្វើពលីកម្មបង្ហូរឈាមស្រស់ សាច់ស្រស់របស់ប្រជាពលរដ្ឋកម្ពុជា ឥស្សរជន ជាពិសេសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងជាសុខសន្តិភាពដែលកម្ពុជាកម្របានជួបប្រទះ ដូច្នេះទាំងអស់គ្នាត្រូវរួមគ្នាអរគុណសន្តិភាព និងការពារសន្តិភាពឱ្យបានដាច់ខាត។
សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណគណៈសាសនាឥស្លាមកម្ពុជាដែលបានគាំទ្រ និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់គណបក្សប្រជាជនកម្ពជា ដោយសម្ដេចចាត់ទុកថាជោគជ័យ និងស្នាដៃដែលកម្ពុជាសម្រេចបានមកនេះគឺមិនអាចកាត់ផ្ដាច់បានពីការចួលរួមចំណែករបស់សាសនិកឥស្លាមកម្ពុជានោះឡើយ ។
សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ឱ្យថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង ពិសេសអ្នកដែលកាន់មុខតំណែងក្នុងមុខងារសាធារណៈ ឬជាអាជ្ញាធរដែនដីទាំងអស់ ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ មិនប្រើអំណាចដោយរំលោភ ត្រូវចាត់ទុកប្រជាពលរដ្ឋជាអ្នកត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតជាបន្តទៀត ដ្បិតគណបក្សប្រជាជនកម្ពុជា បានប្រកាន់ឧត្តមគតិស្នេហាជាតិពិតប្រាកដ នៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ តស៊ូតាំងពីប្រទេសធ្លាក់ក្នុងចំណុចសូន្យ ស្ថិតក្នុងការហុំព័ទ្ធសេដ្ឋកិច្ច និងនយោបាយ រហូតបង្កើតបានសុខសន្តិភាព និងការអភិវឌ្ឍ ឈរស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ។
សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យសកម្មជនគណបក្សប្រជាជនកម្ពុជាជាខ្មែរឥស្លាមចូលរួមគាំទ្រនិងចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងត្រៀមខ្លួនចលនាសមាជិក សមាជិការ អ្នកគាំទ្រគណបក្សឱ្យអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ពិសេសបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះសម្ដេចក៏បានអំពាវនាវជាថ្មីទៀតឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ខិតខំរួមចំណែកឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តិទៅក្នុងបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សានិងការគំរាមកំហែង ដើម្បីពង្រឹង និងលើកស្ទួយដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕ដោយ-រ៉ាវុធ








