បីថ្ងៃ នៃការឃោសនា៖ គណៈកម្មការឃុំសង្កាត់រៀបចំ ការបោះឆ្នោត ទទួលបានបណ្តឹងចំនួន១៨  

ភ្នំពេញ៖រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១-២៣ ខែឧសភា ឆ្នាំ២០២២ ក្នុងដំណាក់កាលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណទ្តិទី៥ ឆ្នាំ២០២២ គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ទាំង២៥ រាជធានី ខេត្ត បានទទួលបណ្តឹងចំនួន១៨​បណ្តឹង ដោយក្នុងបណ្តឹងទាំងនោះ ប្តឹងទៅគណៈកម្មាការឃុំសង្កាត់រៀបចំ ការបោះឆ្នោតសុំឲ្យផ្តន្ទាទោស។ បណ្តឹងទាំង១៨គឺប្តឹងដោយសកម្មជនគណបក្សប្រជាជនកម្ពុជា ចំនួន ១៤បណ្តឹង ប្តឹង ដោយអាជ្ញាធរ១បណ្តឹង ប្រជាពលរដ្ឋ១បណ្តឹង ប្រធានគណបក្សប្រជាជនកម្ពុជាឃុំ១បណ្តឹង និងគណបក្សភ្លើងទៀន ១បណ្តឹង។

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី២៤ខែឧសភានេះថា ពាក់ព័ន្ធទៅនឹងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលឃោសនាបោះឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រយៈពេលបីថ្ងៃ ពីថ្ងៃទី២១-២៣ ខែឧសភា ដោយផ្អែកទៅលើរបាយការណ៍របស់គណៈកម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោត ទាំង២៥ រាជធានី ខេត្ត ដែលគ.ជ.ប ទទួលបានសរុបចំនួន១៨បណ្តឹង ដោយក្នុងចំណោម ១៨បណ្តឹងនេះ គឺប្តឹងនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ដែលជាបណ្តឹងប្តឹងផន្តាទោសទៅតាមជំពូក១៤ ច្បាប់ស្តីពីការបោះឆ្នោតជ្រេរើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា បណ្តឹងទាំង១៨ គឺមានដូចជា នៅខេត្តកំពង់ស្ពឺ មានចំនួន២បណ្តឹង។ ខេត្តកំពត មាន១បណ្តឹង។ខេត្តក្រចេះ មាន២បណ្តឹង ។ រាជធានីភ្នំពេញ មាន៤បណ្តឹង ។ ខេត្តពោធិ៍សាត់ មាន១បណ្តឹង និងខេត្តប៉ៃលិន មាន៧បណ្តឹង។ សរុបទាំង៦ខេត្តនេះ មានចំនួន ១៨បណ្តឹង។ នៅក្នុងបណ្តឹងទាំង១៨នេះ គ.ជ.ប បានដោះស្រាយបាន១បណ្តឹងហើយ គឺនៅខេត្តកំពតដោយចេញលិខិតរដ្ឋបាលទៅដើមបណ្តឹងវិញ។ បើសិនអ្នកប្តឹងមិនពេញចិត្តចំពោះការសម្រេចរបស់គណៈកម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោត គឺអាចប្តឹងបន្តទៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា “បើយើងពិនិត្យជារួមករណីនៃការប្តឹងនេះ គឺភាគច្រើនគណបក្សប្រជាជនកម្ពុជាប្តឹងគណបក្សភ្លើងទៀន ដោយធ្វើការចោទប្រកាន់ថា គណបក្សភ្លើងទៀនប្រើសារនយោបាយមានន័យប្រមាថ ដូចចែងនៅក្នុងមាត្រា៧១ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គឺហាមឃាត់គណបក្សនយោបាយដែលចូលរួមការប្រកួតប្រជែងការបោះឆ្នោតមិនត្រូវនិយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខអក្សរក្នុងន័យអសីលធម៌ ប្រមាថមាក់ងាយទៅលើបេក្ខជន អ្នកគាំទ្រ ឬបុគ្គលណាមួយឡើយ។”

គួរបញ្ជាក់ថា ជារួមសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណទ្តិទី៥ឆ្នាំ២០២២ របស់គណបក្សនយោបាយក្នុងថ្ងៃទីបី គឺចាប់ពីថ្ងៃទី២១-២៣ ខែឧសភា ឆ្នាំ២០២២  បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយការធ្វើសកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប។ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន ១៧ បានចូលរួមប្រកួតប្រជែង៕

ដោយ៖ពលជ័យ

រូបភាព៖គជប

ads banner