វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៤ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញព័ត៌មានវិទ្យាឆ្នាំ២០២២ កងពលតូចដឹកជញ្ជូនលេខ៩០ បានដំណើរការបើកវគ្គក្រោមអធិបតីភាព មេបញ្ជាការរង កងទ័ពជើងគោក
ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៤ និងវគ្កហ្វឺនបំប៉នជំនាញព័ត៌មានវិទ្យា ឆ្នាំ២០២២ របស់កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ( ក្តាន់រយ ) ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ។
នៅក្នុងសន្ទរកថាស្វាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង និងជាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានឲ្យដឹងថា ពាក់ព័ន្ធភារកិច្ចចំពោះមុខ កងពលតូចដឹកជញ្ជូនលេខ៩០ បានសម្រេចនូវភារកិច្ចជាច្រើន ទាំងកិច្ចការងារស្នូល ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការងារបណ្តុះបណ្តាលធនធានមនុស្ស និងភារកិច្ចចំពោះមុខ ក៏ដូចជាភារកិច្ចក្នុងភូមិសាស្ត្រដែលកងពលទទួលខុសត្រូវបានរឹងមាំស្របតាមបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ដោយឈរលើស្មារតី យកចិត្តទុកដាក់ ដោយបានការជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈផ្សេងៗ ពីសំណាក់បញ្ជាការដ្ឋានកងទ័ពជើងគោក ឲ្យបានដំណើរការលើការងារ កសាង ការដឹកជញ្ជូន ការជុសជុល ថែទាំ បច្ចេកទេស លើរថយន្តគ្រប់ប្រភេទ តាមទិសដៅ នៃផែនការដែលបានកំណត់ ។
របាយការណ៍បើកវគ្គដែលផ្តល់ដោយឧត្តមសេនីយ៏ត្រី កែប ច័ន្ទតូ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ ទទួលបន្ទុកការងារហ្វឹកហ្វឺន បាឲ្យដឹងថា វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៤ មានសិក្ខាកាមសរុបចំនួន ៩០នាក់ គ្រូយោធចារ្យ ១៥នាក់ មកពីសាលាពលទាហានសកម្ម និងបណ្តាអង្គភាពទាំង ១៨ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយប្រើប្រាស់រថយន្តចំនួន ១០គ្រឿង រយៈពេល ៩១ថ្ងៃ សិក្សាខ្លឹមសារមេរៀនរួមមាន ច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក , ដៃចង្កូត បច្ចេកទេស , អប់រំចិត្តសាស្ត្រ និងយោធារួម ។
រីឯវគ្គបំប៉នជំនាញព័ត៌មានវិទ្យា មានសិក្ខាកាមសរុបចំនួន ១៩នាក់ គ្រូយោធាចារ្យ ០៤នាក់ សិក្សារយៈពេល៩០ថ្ងៃ សិក្សាខ្លឹមសារមេរៀនរួមមាន៖ មូលដ្ឋានគ្រឹះព័ត៌មានវិទ្យា និង MS -Windows ,Microsoft Word , Microsoft Excel , Microsoft Power Point ។ សិក្ខាកាមវគ្គបំប៉នជំនាញព័ត៌មានវិទ្យានេះ ត្រូវបានជ្រើសរើសយកជានាយទាហាន នាយទាហានរង ដែលកំពុងបម្រើការនៅតាមបណ្តាការិយាល័យចំណុះកងពលឲ្យមកហ្វឹកហ្វឺនបំប៉នបន្ថែម បំពេញចំណេះដឹងកុំព្យូទ័រជំនាញការងាររដ្ឋបាល កម្មវិធីគណនាលេខ និងទិន្នន័យ និងកម្មវិធីធ្វើស្លាយ បទបង្ហាញផ្សេងៗ សំដៅលើកកម្ពស់សមត្ថភាពយោធិនក្នុងការគ្រប់គ្រង- ផលិតអត្តបទ ឯកសារ បានលឿន និងគុណភាពខ្ពស់ ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ុល ស៊ីនួន ជំនួសមុខឲ្យឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក បានចាត់ទុកថា៖ វគ្គហ្វឹកហ្វឺនជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី២ និងវគ្គបំប៉នជំនាញព័ត៌មានវិទ្យាឆ្នាំ២០២២ ដែលប្រារព្ធបើកវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ការងារគ្រប់គ្រងបច្ចេកទេស ការបើកបរ ជួសជុលថែរទាំ សន្សំសំចៃខ្ពស់ និងយល់ដឹងអំពីច្បាប់ចរាចរណ៏ផ្លូវគោក ដើម្បីរួមចំណែកថែរក្សាសុវត្ថភាព សណ្តាប់ធ្នាប់សាធារណៈក្នុងពេលបើកបរ សំដៅធានាបានការប្រើប្រាស់ថែទាំសម្ភារៈសឹក និងមធ្យោបាយបំពាក់ផ្សេងៗ និងយល់ដឹងឲ្យកាន់តែទូលំទូលាយអំពីវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សំដៅលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើឲ្យដើរទន្ទឹមគ្នា ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចជូនអង្គភាព ដែលជាការចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី នៃមាតុភូមិយើង ហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិបានរឹងមាំ ។
ឯកឧត្តម ប៉ុល ស៊ីនួន បានគូសបញ្ជាក់ពីសភាពការណ៍ទូទៅជុំវិញពិភពលោកលើកក្តា ៣យ៉ាងដែលពិភពលោកកំពុងជួបនូវបញ្ហាប្រឈមរួមមាន ទី១ មនោគមន៍វិជ្ជា ទី២ អំណាច និងទី៣ សេដ្ឋកិច្ច ។
ឯកឧត្តម ប៉ុល ស៊ីនួន បានស្នើរសុំដល់កម្មសិក្សាការីទាំងអស់ត្រូវយកចិត្តដាក់រៀនសូត្រ មានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រឱ្យបានទៀងទាត់ មានអត្តចរិតល្អស័កសមជាកងយោធពលភូមិន្ទ និងបានសំណូមពរដល់គ្រូ គ្រូយោធាចារ្យត្រូវខិតខំរិះរកគន្លឹះ និងទ្រឹស្តីល្អៗធ្វើយ៉ាងណាឱ្យសិក្ខាកាមងាយយល់ ពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ ៕ ប្រភព ៖ កងទ័ព








