កម្ពុជាបាននាំយកទង់ស៊ីហ្គេម មកដល់កម្ពុជាជាផ្លូវការ ដើម្បីបន្តវេនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣
ទង់ជ័យរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា ទង់ស៊ីហ្គេម ដែលកម្ពុជាទទួលពីប្រទេសវៀតណាម ដើម្បីបន្តវេនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បាននាំយកមកដល់កម្ពុជា កាលពីល្ងាចថ្ងៃទី២៤ ដោយសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ និងឯកឧត្តម បណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងអមដំណើរដោយជ័យលាភីម្ចាស់មេដាយមាស និងមេដាយប្រាក់ ដែលដណ្តើមបាន ពីស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ។
នាឱកាសដង្ហែទង់ជ័យស៊ីហ្គេមមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែង លើកឡើងថា ថ្ងៃនេះប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាមានមោទកៈភាពនិងប្រវត្តិសាស្រ្តថ្មីមួយទៀត ដែលវត្តមានទង់ជ័យស៊ីហ្គេម កម្ពុជាបន្តវេនរៀបចំកីឡាស៊ីហ្គេម លើកទី៣២ មកដល់កម្ពុជា ។
សម្តេចពិជ័យ បានគូបញ្ជាក់ទៀតថា ទង់ជ័យស៊ីហ្គេមនេះ វាបានផ្តល់មោទកភាពសក្តានុពលជាចលករកីឡាអន្តរជាតិ និងចលករកីឡាអូឡាំពិកផ្តល់ជូនសម្រាប់កម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាកិត្តិយសជាតិដ៏ឧត្តុងឧត្តមជោគជ័យ និងជាកំណត់ត្រាប្រវត្តិសាស្រ្ត លើកទី១ របស់ព្រះរាជាណាចក្រកម្ពុជា ។
សម្តេចពិជ័យសេនា ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ មហាគ្រួសារខ្មែរទាំងក្នុង និងក្រៅប្រទេសត្រៀម លក្ខណៈសម្បត្តិក្នុងនាមម្ចាស់ផ្ទះ រងចាំទទួលស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ និងភ្ញៀវអន្តរជាតិមកពីគ្រប់ទិសទីជុំវិញពិភពលោក នូវស្នាមញញឹមប្រកបដោយភាពកក់ក្តៅ និងរុះរាយរាក់ទាក់ថ្លៃថ្នូររបស់ប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាមួយគ្នានោះ សម្តេច ក៏បានសូមណូមពរដល់ពលរដ្ឋទាំងអស់សូមចូលរួមតុបតែងសម្អាតអនាម័យ និងបំបាត់សកម្មភាពអសកម្មក្នុងសង្គម ដើម្បីលើកកម្ពស់កិត្យានុពលជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ជាកំណត់ត្រាជាប្រវត្តិសាស្រ្តឲ្យទទួលបានជោគជ័យ។
សូមបញ្ជាក់ថា កម្ពុជា បានធ្វើពិធីដង្ហែទង់ស៊ីហ្គេម ដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាអ្នកកាន់ទង់ជ័យអមដោយម្ចាស់ជ័យលាភីមេដាយមាស និងមេដាយប្រាក់ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមមហាវិថីសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅវិមានឯករាជ្យ ហើយបញ្ចប់នៅទីស្នាក់ការ NOCC ដែលបង្ហាញឲ្យឃើញថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេម លើកទិ៣២ នាឆ្នាំ២០២៣ មកដល់កម្ពុជា ៕អត្ថបទ៖ជាវ ចន្ធូ


















