អង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia បន្តចំរាញ់រកក្រុមខ្លាំងនៅក្នុងខេត្ត កំពង់ស្ពឺ ឡើងមកប្រជែងពានធំនៅរាជធានីភ្នំពេញ

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League លើកទីប្រាំ បានបន្តទៅចំរាញ់ជ្រើសរើសក្រុមបាល់ទាត់ខ្លាំងៗនៅក្នុងខេត្ត កំពង់ស្ពឺ កាលពី ថ្ងៃអាទិត្យ ដើម្បីឡើងមកប្រកួតប្រជែងដណ្តើមពានធំនៅរាជធានីភ្នំពេញ។

លោក យិន សាមឌី ប្រធានគ្រប់គ្រងកម្មវីធីបាល់ទាត់ អង្គការផ្កាយសមុទ្រ បានឲ្យដឹងថា តាមរយៈកិច្ចសហការជាមួយនឹងក្រុមហ៊ុន AIA Cambodia អង្គការផ្កាយសមុទ្រកម្ពុជា (ISF) បានរួមគ្នារៀបចំការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ប្រចាំឆ្នាំ២០២២ ចំនួនប្រាំលើកនៅក្នុងខេត្តបួនផ្សេងគ្នា ។ ក្នុងគោលបំណងបង្កើន លទ្ធភាពចូលរួមរបស់កីឡាករ កីឡាការនី និងពង្រីកវិសាលភាពនៃកម្មវិធីបាល់ទាត់ របស់ខ្លួនទៅកាន់ខេត្តក្រុងនានាដូចជា ក្រុងកំពត ក្រុងសៀមរាប និងខេត្តកំពង់ស្ពឺជាដើម ។

ប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់ខាងលើ បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន នៅខេត្តកំពង់ស្ពឺនឹងប្រព្រឹត្តទៅ រយៈពេលប្រាំបួនសប្តាហ៍ជាប់ៗគ្នា ដមានវត្តមានរបស់កីឡាករ កីឡាការនីចំនួន ៣៦០នាក់ ដែលបែងចែកទៅតាមប្រភេទអាយុចំនួនបួនផ្សេងៗគ្នាដូចជា ក្រុមកុមារាកុមារីអាយុក្រោម១០ឆ្នាំ អាយុ ក្រោម១៤ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ ។

ក្រុមឈ្នះក្នុងការប្រកួតនៅតាមខេត្តទាំងអស់នឹងត្រូវមកចូលរួម ប្រកួតប្រជែងយកពានរង្វាន់នៅវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជានៅរាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ គឺជាព្រឹត្តិការណ៍ប្រកួតបាល់ ទាត់ថ្នាក់មូលដ្ឋានធំជាងគេបង្អស់មួយនៅក្នុងប្រទេសកម្ពុជា ។

តាមរយៈភាពជាដៃគូជាមួយសាលា រៀន និងអង្គការក្រៅរដ្ឋាភិបាលនានានៅទូទាំងប្រទេស ព្រឹតិ្តការណ៍ប្រកួតបាល់ទាត់មួយនេះបានផ្តល់ ឱកាសប្រកួតប្រជែងកីឡាទៅដល់កុមារ និងយុវជនកម្ពុជាជាច្រើន ដែលជួបប្រទះនូវភាពក្រីក្រ និងការ រើសអើងយេនឌ័រ ។ អ្នកស្រី ជួប វិច្ឆិកា ជាប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រកម្ពុជាបានមាន ប្រសាសន៍ថា៖ “តាមរយៈកិច្ចសហការជាមួយនឹងក្រុមហ៊ុន AIA Cambodia ពួកយើងពិតជាអាចនាំ យកការរៀនសូត្រជំនាញបំណិនជីវិតសំខាន់ៗដូចជាស្មារតីស្រលាញ់គាំទ្រកីឡា ការធ្វើការងារជាក្រុម និងសាមគ្គីភាពទាំងនៅក្នុង និងក្រៅទីលាន ។

អ្វីដែលកាន់តែសំខាន់ទៅទៀតនោះ ព្រឹត្តិការណ៍ប្រកួត បាល់ទាត់បែបនេះបានផ្តល់ដល់កុមារ និងយុវជនក្រីក្រទាំងនោះនូវឱកាសលេងកំសាន្ត ក៏ដូចជាបង្កើត សហគមន៍រួមគ្នា និងកសាងមិត្តភាពដ៏យូរអង្វែងទៀតផង ។ សម្រាប់ឆ្នាំទីប្រាំនៃការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ អង្គភាពទាំងពីរគឺពិតជាមានមោទនភាព យ៉ាងខ្លាំង ដែលបានឃើញពីការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតកុមារ និងយុវជនជាច្រើន តាមរយៈការ ប្រកួតកីឡាប្រចាំឆ្នាំបែបនេះ ៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner