គ.ជ.ប៖ ថ្ងៃទីប្រាំមួយនៃយុទ្ធនាការឃោសនាប្រព្រឹត្តទៅមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង
ភ្នំពេញ៖ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីប្រាំមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលដាក់បេក្ខជនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត បានធ្វើសកម្មភាពឃោសនាអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយខ្លួន ដើម្បីស្វែងរកសំឡេងឆ្នោត។ ជារួមសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំមួយនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។

គ.ជ.ប បានបន្តថា តាមការសង្កេតក្នុងការឃោសនាបោះឆ្នោតថ្ងៃទីប្រាំមួយនេះ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់ បានធ្វើសកម្មភាពឃោសនាតាមលទ្ធភាព និងមធ្យោបាយផ្សេងៗស្របតាមកម្មវិធីដែលបានកំណត់។ នៅខេត្តព្រះសីហនុ គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្ស ខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា គណបក្សឯកភាពជាតិខ្មែរ និងគណបក្សកម្ពុជានិយម បានធ្វើសកម្មភាពឃោសនាតាមរយៈការចែកខិត្តប័ណ្ណ ជួបប្រជុំ បិទផ្សាយរូបភាព ចាក់មេក្រូផ្សព្វផ្សាយ និងហែក្បួនឃោសនា។ ដោយឡែកការឃោសនាថ្ងៃនេះ ក៏មានជួបបញ្ហាអាកាសធាតុតិចតួចផងដែរ គឺនៅភូមិសាស្ត្រខេត្តរតនគិរីមានភ្លៀងធ្លាក់នាពេលព្រឹក ដែលបានបង្អាក់ដល់ការហែក្បួនឃោសនា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគណបក្សនយោបាយនៅតែបន្តធ្វើសកម្មភាពដទៃទៀត រួមមាន ការជួបប្រជុំ ការចែកខិត្តប័ណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយ។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយគ្រប់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕ ដោយៈ ពលជ័យ
