លោក Cassey Barnett ៖ សហព័ន្ធកីឡាចំបាប់កម្ពុជា ដាក់យុទ្ធសាស្រ្តបង្កើនការប្រកួតទាំងក្នុង និងក្រៅស្រុក ដើម្បីពង្រឹងស្មារតីកីឡាករ កីឡាការិនី
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក Cassey Barnett បានបញ្ជាក់ថា សហព័ន្ធបានដាក់យុទ្ធសាស្រ្តបង្កើនការប្រកួតទាំងក្នុង និងក្រៅស្រុក ដើម្បីទទួលបានបទពិសោធន៍ បច្ចេកទេស និងពង្រឹងស្មារតីកីឡាករ កីឡាការិនីអោយបានច្រើនល្អប្រសើរ ត្រៀមដណ្តើមេដាយឲ្យបានច្រើន នៅស៊ីហ្គេម ឆ្នាំ២០២៣ ។
ការថ្លែងបែបនេះធ្វើឡើង ក្រោយបញ្ចប់បេសកម្ម ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣១ នាឆ្នាំ២០២២ នៅប្រទេសវៀតណាម ។
លោក Cassey Barnett បន្តថា ប្រភេទកីឡាចំបាប់ ដណ្តើមបានមេដាយសរុប៦គ្រឿង មាស១ ប្រាក់១ និងសំរិទ្ធ ឈរលេខ៣ ក្នុងចំណោម១៥ប្រភេទកីឡារបស់កម្ពុជា ខណៈកីឡាវ៉ូវីណាមឈរលេខ១ ដណ្តើមបានមេដាយសរុប៩គ្រឿង មាស៣ និងសំរិទ្ធ៦គ្រឿង,លេខ២កីឡាប៉េតង់ ដណ្តើមបានមេដាយ៧គ្រឿង មាស២ ប្រាក់២ និងសំរិទ្ធ៣ ។
លោកអនុប្រធានសហព័ន្ធ បន្ថែមទៀតថា សហព័ន្ធនឹងបង្កើនការហ្វឹកហាត់អោយខ្លាំង ដើម្បីសម្រួចសិទ្ធផល អោយកាន់តែមានសក្តានុពល ជាពិសេសយើងនឹងបញ្ជូនកីឡាការិនីចំបាប់កម្ពុជាទៅហ្វឹកហាត់នៅក្រៅប្រទេស និងការប្រកួតកម្រិតអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ ត្រៀមលក្ខណសម្បត្តិអោយគ្រប់គ្រាន់ឆ្ពោះទៅដណ្តើមមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះបន្តវេន ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយមោទកភាព ។
គួរបញ្ជាក់ថា សហព័ន្ធកីឡាចំបាប់កម្ពុជា គ្រោងនឹងរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីគ្នេយ៍ នៅចុងឆ្នាំ២០២២នេះ ដើម្បីបង្កើនបទពិសោធន៍ បច្ចេកទេស និងពង្រឹងស្មារតីកីឡាករ កីឡាការិនី ត្រៀមដណ្តើមមេដាយជូនកម្ពុជា ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ៕ ចាន់ វិចិត្រ